​(ការ៉ាកាស់)៖ រដ្ឋាភិបាល​ការ៉ាកាស់​បាននិយាយថា ខ្លួន​នឹង​បញ្ជូនជំនួយមនុស្សធម៌ទៅ​កាន់តំបន់ គូគូតា (Cucuta) ដែលជាទីក្រុងមួយរបស់ប្រទេសកូឡុំប៊ី មានព្រំប្រទល់​ជាប់ជាមួយ​វេណស៊ុយអេឡា ដើម្បីជួយដល់​កុមារកំពុងរស់នៅ ក្រោម​ស្ថានភាពដ៏លំបាក​ក្នុងតំបន់​មួយនេះ។ នេះបើតាម​ការចេញផ្សាយ​ដោយ ទីភ្នាក់ងារព័ត៌មានចិន​ស៊ីនហួរ នៅរសៀលថ្ងៃអង្គារ ទី១៩ ខែកុម្ភៈ ឆ្នាំ២០១៩។

ប៉ុន្តែការប្រកាសបែបនេះត្រូវបានមជ្ឈដ្ឋានខ្លះ​យល់ថា គឺជាការឆ្លើយតប​បែបចំអកទៅ​កាន់កូឡុំប៊ី ដែលបាន​សម្រេចចិត្ត​អនុញ្ញាតឱ្យ​យន្ដហោះ​យោធាដឹកជញ្ជូន​ជំនួយមនុស្សធម៌​របស់សហរដ្ឋអាមេរិក​ ចុះចត​នៅទីក្រុង Cucuta។ ចំពោះមុខប្រព័ន្ធ​ផ្សព្វផ្សាយ​នៅក្នុងស្រុក នៅថ្ងៃចន្ទសប្ដាហ៍នេះ រដ្ឋមន្ត្រីព័ត៌មាន និងទូរគមនាគមន៍​វេណេស៊ុយអេឡា លោក ហ្សក រ៉ូទ្រីហ្គែស (Jorge Rodriguez) បានគូស​បញ្ជាក់យ៉ាងដូច្នេះថា ​«វេណេស៊ុយអេឡានឹង​បញ្ជូនជំនួយមនុស្សធម៌​ជាចំណីអាហារចំនួន ២០,០០០ប្រអប់ ទៅកាន់ទីក្រុង Cucuta សំដៅជួយ​ដល់កុមារ និងប្រជាជន ដែលកំពុងរស់​នៅក្រោមស្ថានភាព​ដ៏លំបាក ក៏ដូចជាត្រូវការ​ជំនួយជា​បន្ទាន់»។ លោកបន្ថែមថា ជំនួយទាំងនេះ​នឹងត្រូវបញ្ជូនទៅកាន់​ទីក្រុង Cucuta នៅថ្ងៃសុក្រ និងថ្ងៃសៅរ៍​សប្ដាហ៍​នេះ។

គួរជម្រាបថា បើតាម​លោក Jorge Rodriguez កុមារជាង ៤០ភាគរយក្នុង​ទីក្រុង Cucuta កំពុងរស់នៅ​ក្រោមបន្ទាត់ក្រីក្រ ហើយលោកក៏បានសន្យា​ផងដែរថា នឹងផ្ដល់ជំនួយជាថ្នាំពេទ្យ​បន្ថែមទៀត​សម្រាប់ទីក្រុង​មួយនេះ។ សម្រាប់ការលើកឡើងថា វេណេស៊ុយអេឡា​នឹង​ផ្តល់ជំនួយទៅកាន់កូឡុំប៊ីនោះ គឺស្ថិតនៅក្នុងថ្ងៃដដែលដែល​លោក ម៉ាឌូរ៉ូ បានប្រកាសថា ប្រទេសរុស្ស៊ីនឹងដឹកជំនួយមនុស្សធម៌ ៣០០លានតោន មកកាន់វេណេស៊ុអេឡា នៅក្នុងថ្ងៃពុធសប្តាហ៍នេះ៕