(វ៉ាស៊ីនតោន)៖ ក្រសួង​ការបរទេស​អាមេរិក បានអំពាវនាវ​ឲ្យរុស្ស៊ីជួយ​សម្របសម្រួល​ ដល់ការបញ្ជូនជំនួយម​នុស្សធម៌​ទៅកាន់​តំបន់ជន​ភៀសខ្លួន រុកប៊ែន (Rukban) ក្នុងប្រទេសស៊ីរី។ នេះបើតាម​ការដកស្រង់​ការផ្សាយចេញពី​សារព័ត៌មានរុស្ស៊ី Sputnik នៅរសៀលថ្ងៃ​អង្គារ ទី១៩ ខែកុម្ភៈ ឆ្នាំ២០១៩។

អ្នកនាំពាក្យរងនៃក្រសួងការបរទេស​អាមេរិក លោក រ៉ូប៊ឺត ផល្លាឌីណូ (Robert Palladino) បានលើកឡើង​ក្នុងសេចក្តីថ្លែងការណ៍​ថា «ជាច្រើនខែ​​មកហើយសហរដ្ឋអាមេរិក​បានធ្វើការអំពាវនាវ​ឲ្យ​រដ្ឋាភិបាល​ប្រធានាធិបតីស៊ីរី លោក បាហ្សា អាល់ អាស្សាដ (Bashar al-Assad) អនុញ្ញាតឲ្យអង្គការ​​សហ​ប្រជាជាតិ​ចូល​ទៅកាន់តំបន់ជំរំជនភៀសខ្លួន Rukban បានដោយឆាប់រហ័ស ដោយសុវត្ថិភាព និងដោយពុំ​មានការរាំង​ស្ទះ​។»

លោក Palladino បានបន្តថា «ការបញ្ជូនជំនួយម​នុស្សធម៌នាពេលថ្មីៗនេះ​​ទៅកាន់ទីនោះ គឺជាជំហាន​វិជ្ជមានមួយ ហើយ​យើង​​អំពាវនាវ​ឲ្យ​ប្រទេសរុស្ស៊ី ជួយធ្វើការសម្របសម្រួល​ដល់ការបញ្ជូនជំនួយ​មនុស្សធម៌ទាំងនេះ ឲ្យបន្តប្រព្រឹត្ត​ទៅ​​មុខ​យ៉ាងរលូន​ជាប់​​រហូត»

គួរជម្រាបថា ស្ថានការណ៍​នៅជំរំ​ជនភៀសខ្លួន Rukban ដែលស្ថិតក្នុង​តំបន់កាន់កាប់របស់ទ័ព​អាមេរិក ដែលនៅជុំវិញមូលដ្ឋាន​​យោធា អាតតាន់ហ្វ៍ (At-Tanf) របស់សហរដ្ឋអាមេរិក បានចុះដុនដាប​គួរឲ្យបារម្ភខ្លាំង ខណៈដែលជន​ភៀសខ្លួននៅទីនោះ មិនបាន​ទទួល​​ជំនួយមនុស្សធម៌​គ្រប់គ្រាន់សម្រាប់​រយៈពេល​ជាយូរមកហើយ៕