(សេអ៊ូល)៖ មនុស្ស​យ៉ាងហោច​ណាស់​០២នាក់បានស្លាប់ និង​៥០នាក់រងរបួស ក្រោយអគ្គីភ័យ​​បានលេបត្របាក់ កន្លែងងូតទឹកសាធារណមួយ​នៅក្នុងទីក្រុងដែគូ (Daegu) ស្ថិតនៅភាគ​អាគ្នេយ៍នៃប្រទេស​កូរ៉េខាងត្បូង។ នេះបើតាមការ​ចេញផ្សាយដោយ ទីភ្នាក់ងារ​ព័ត៌មានចិន ស៊ីនហួរ នារសៀល​ថ្ងៃអង្គារ ទី១៩ ខែកុម្ភៈ ឆ្នាំ២០១៩។

អគ្គីភ័យបានឆាប​ឆេះ​ឡើង​​កាល​ពីវេលាម៉ោង ៧៖១១នាទីព្រឹក​ថ្ងៃអង្គារនេះ នៅកន្លែង​ងូតទឹក​សាធារណ​របស់ប្រុសៗស្ថិតនៅជាន់ទី ០៤ របស់អគារមួយ​ដែលមានកម្ពស់ ០៧ជាន់ ស្ថិតក្នុង​ទីក្រុង Daegu ភាគអាគ្នេយ៍​ប្រទេស ចម្ងាយ ៣០២គីឡូម៉ែត្រពីទីក្រុង​សេអ៊ូល។ ក្រុមពន្លត់​អគ្គីភ័យបានទៅដល់​កន្លែងកើតហេតុ និងបានពន្លត់ភ្លើង​ទាំងស្រុង​​នៅប៉ុន្មានម៉ោង​បន្ទាប់ ខណៈមនុស្សរង​របួស​ទាំងជាង ៥០នាក់ត្រូវ​បានបញ្ជូនទៅ​មន្ទីរពេទ្យ ហើយពីរនាក់​ដែលរង​របួសធ្ងន់ជាងគេ​នោះ បានបាត់បង់ជីវិត។

គួរបញ្ជាក់ថា មូលហេតុ​នៃការកើតមានគ្រោះ​អគ្គីភ័យខាង​លើនេះ គឺមិនទាន់​ត្រូវបាន​បញ្ជាក់នោះ​ឡើយ ខណៈប៉ូលិសកំពុង​បន្តការស៊ើប​អង្កេត។ បន្ថែមពីនេះ​​មនុស្សរង​របួស​ភាគ​ច្រើន គឺដោយសារ​តែពួកគេបានព្យាយាមរត់​រកច្រក​ចេញពីអគារ និងឈ្លក់ផ្សែងភ្លើង​ធ្ងន់ធ្ងរ៕