(ម៉ូស្គូ)៖ សារព័ត៌មាន​អ៊ីរ៉ង់បានរាយការណ៍​ថា សភាជាតិអ៊ីរ៉ង់​បានសម្រេចចិត្ត​អនុម័តហើយ ទៅលើ​សំណើជាច្រើនខែមកនេះ ដោយយល់​​ព្រមឱ្យរដ្ឋាភិបាល​​ទីក្រុង​តេហេរ៉ង់ ខ្ចីលុយ​ពីប្រទេសរុស្ស៊ីចំនួន ០៥ពាន់លានដុល្លារ​សហរដ្ឋអាមេរិក មកចំណាយលើ​ការអភិវឌ្ឍវិស័យ​ជាច្រើនក្នុងប្រទេស។ នេះបើ​តាម​ការចេញផ្សាយ​ដោយ​​សារព័ត៌មាន Sputnik នៅព្រឹក​ថ្ងៃអង្គារ ទី១៩ ខែកុម្ភៈ ឆ្នាំ២០១៩។

យោងតាម​សារព័ត៌មាន​អ៊ីរ៉ង់ មែហេ (Mehr) សមាជិកសភា​អ៊ីរ៉ង់ក៏បានពិភាក្សាគ្នា​ផងដែរ​នៅថ្ងៃចន្ទសប្ដាហនេះ​ លើសេចក្ដី​ព្រាងច្បាប់​នៃកញ្ចប់ថវិកាសម្រាប់​ឆ្នាំ២០២០។ ដោយឡែក​ជុំវិញប្រាក់កម្ចីពីរុស្ស៊ី​នឹងត្រូវបានយក​ទៅប្រើប្រាស់ ឬក៏ចំណាយលើ​ហេដ្ឋារចនាសម្ព័ន្ធ ថាមពល​នុយក្លេអ៊ែរ ផ្លូវដែក ផ្លូវហៃវ៉េ ទំនប់ទឹក និងប្រព័ន្ធធារាសាស្រ្ត​ជាដើម ខណៈ​ទណ្ឌកម្ម​អាមេរិក​កំពុងបង្កផល​ប៉ះពាល់​ជា​បណ្តើរៗ ដល់ការអភិវឌ្ឍ​សេដ្ឋកិច្ច​របស់​អ៊ីរ៉ង់។

គួរបញ្ជាក់ថា កាលពី​ឆ្នាំ២០១៨ សភាជាតិអ៊ីរ៉ង់​បានទាត់ចោល​សំណើកញ្ចប់ថវិកា​ ដែលស្នើឡើងដោយ​ប្រធានាធិបតី លោក ហាសាន់ រូហានី ដោយសារតែព្រួយ​បារម្ភខ្លាចក្រែង​ សំណើកាត់បន្ថយការ​ចំណាយ​របស់លោក ហារូនី នៅពេលនោះ​អាចនឹងបង្កផល​ប៉ះពាល់ធ្ងន់​ធ្ងរដល់ប្រជាជន​អ៊ីរ៉ង់ ប៉ុន្តែក្រោយការពិនិត្យឡើងវិញ​នោះ ទើប​សំណើ​របស់រដ្ឋាភិបាលត្រូវបានអនុម័តតែម្តង៕