(ការ៉ាកាស់)៖ រុស្ស៊ីនឹងបញ្ជូន​ជំនួយមនុស្សធម៌ ៣០០តោន មកកាន់រដ្ឋធានី​ការ៉ាកាស់​នៃប្រទេសវេណេស៊ុយអេឡា​ នៅ​ថ្ងៃពុធសប្ដាហ៍នេះ។ នេះបើតាម​ការបញ្ជាក់របស់លោក ម៉ាឌូរ៉ូ ដកស្រង់ចេញផ្សាយ​ដោយ​សារព័ត៌មាន Sputnik នៅព្រឹកថ្ងៃអង្គារ ទី១៩ ខែកុម្ភៈ ឆ្នាំ២០១៩។

លោក ម៉ាឌូរ៉ូ ធ្វើការអះអាងដូចខាងលើ នៅក្នុងកិច្ចប្រជុំជា​មួយអ្នកវិទ្យាសាស្ត្រ​មួយក្រុម​ នៅថ្ងៃចន្ទសប្ដាហ៍នេះ។ ប្រធានាធិបតី​វេណេស៊ុយអេឡា ស្ថិតនៅក្នុងបញ្ជីខ្មៅអាមេរិករូបនេះ បាន​លើកឡើងទៀតថា «យើងទទួលបាន​ជំនួយមនុស្សធម៌​ជារៀងរាល់ថ្ងៃ។ ជាឧទាហរណ៍ នៅថ្ងៃពុធ​សប្ដាហ៍នេះ​ជំនួយ​មនុស្ស​ធម៌សរុប ៣០០តោន​របស់រុស្ស៊ី នឹងមកដល់អាកាសយានដ្ឋាន​អន្តរជាតិទីក្រុង​ការ៉ាកាស់»

លោក ម៉ាឌូរ៉ូ បានបន្ថែមថា ទីក្រុងការ៉ាកាស់​បានបដិសេធទទួល​យកជំនួយមនុស្សធម៌​ពីសហរដ្ឋអាមេរិក ដោយសារតែ​ទីក្រុងវ៉ាស៊ីនតោន​ មានបំណងប្រើប្រាស់ជំនួយរបស់ខ្លួន​ជាលេសគាំទ្រ​ដល់បក្ស ប្រឆាំង និងរដ្ឋប្រហារ​ប្រឆាំងរដ្ឋាភិបាល​របស់លោក។

គួរបញ្ជាក់ថា បច្ចុប្បន្នក្បួនរថយន្ដដឹកជំនួយម​នុស្សធម៌របស់សហរដ្ឋអាមេរិក កំពុងជាប់គាំង​នៅឯតំបន់ព្រំដែន​រវាងវេណេស៊ុយអេឡា និងកូឡុំប៊ី បន្ទាប់ពី​លោក ម៉ាឌូរ៉ូ បញ្ជាឱ្យយោធា​បិទខ្ទប់ស្ពាន​មួយកន្លែង ខណៈប្រជាជន​វេណេស៊ុយអេឡារាប់លាននាក់​ ត្រូវបានក្រុម​មនុស្សធម៌អាមេរិកអះអាងថា កំពុងទន្ទឹមរង់ចំា និងត្រូវការជំនួយមនុស្សធម៌​ទាំងនេះ​ជាបន្ទាន់ព្រោះគ្រោះ​ទុរភិក្សក្នុងប្រទេស​កំពុងកើនឡើង​យ៉ាងគំហុក ដោយសារ​វិបត្តិ​សេដ្ឋកិច្ច និងទណ្ឌកម្ម​ពីអន្តរជាតិ៕