(វ៉ាស៊ីនតោន)៖ ដូចទៅនឹង​ម៉ាស៊ីនដទៃៗទៀតដែរ ផ្កាយរណប យានអវកាស និងស្ថានីយអវកាស សុទ្ធតែនឹងខូច​ហើយត្រូវគេ​បោះ​​បង់​ចោល​ តែអ្នកដឹងទេថា តើអ្នកវិទ្យាសាស្រ្តមាន​មធ្យោបាយបែបណា​ សម្រាប់គ្រឿង​ម៉ាស៊ីនទាំងនេះ ដែលឈប់​ដំណើរការក្នុងលំហ​អវកាស​ឯណោះ​។

ខណៈពេលនេះ គឺមានជម្រើសពីរ ដែលអាស្រ័យទៅ​លើរយៈកម្ពស់នៃវត្ថុទាំងនោះ ជាពិសេសគឺ​ផ្កាយរណប។ សម្រាប់ផ្កាយរណប​ដែលនៅ​​គន្លងកម្រិតទាប​របស់ផែនដី អ្នកវិទ្យាសាស្រ្តនឹង​​ប្រើប្រាស់ឥន្ធនៈ ដែល​នៅសល់តិចតួច​ចុងក្រោយ ដើម្បីបញ្ជា​ពួកវាឲ្យធ្លាក់ចុះមក​ក្នុងបរិយា​កាស​ផែនដី​វិញ ហើយឆេះរលាយខ្លួន​តែម្តង។ ឯជម្រើស​មួយទៀត គឺបញ្ជូនផ្កាយរណបឲ្យ​ទៅឆ្ងាយពីផែនដី ព្រោះថា​ការប្រើសាំង​ដើម្បីឲ្យ​ពួកវាធ្លាក់មក​ក្នុងបរិយាកាសវិញ អាចត្រូវចំណាយ​ច្រើនជាងការបញ្ជូនពួកវា​ចេញពីផែនដី ជាពិសេស​សម្រាប់ផ្កាយរណប​ដែលនៅកម្ពស់​​ខ្ពស់​ៗ​ពី​ផែនដី។

ជាការពិតណាស់ ការកម្ចាត់ផ្កាយរណប​តូចៗនៅក្នុងគន្លង​កម្រិតទាប (Low Orbit) ចាប់ពី ៣៣០-៤២០គីឡូម៉ែត្រពីផ្ទៃផែនដី គឺជារឿងងាយ​ស្រួលមួយ ដោយសារថាមពលកម្តៅ​ពីការ​​កកិត​គ្នាជា​មួយខ្យល់​ក្នុង​ល្បឿន​ដ៏លឿន នឹងធ្វើឲ្យពួក​វា​ឆាបឆេះហើយរលាយ​សាបសូន្យ​អស់តែម្តង​នៅក្នុងបរិយាកាស។ តែសម្រាប់វត្ថុធំៗ​​ដូចជា​ស្ថានីយអវកាស និងយាន​អវកាស​ធំៗ ដែលនៅ Low Orbit តើយ៉ាង​ម៉េចវិញ​ទៅ?

វត្ថុទាំងនេះទំនង​ជានឹងមិនឆេះខ្ទេចខ្ទី​អស់នៅក្នុងបរិយាកាស​ឡើយ។ សម្រាប់រឿងនេះ អ្នកវិទ្យាសាស្រ្តអាច​រៀបចំគោលដៅចុងក្រោយ​មួយ ដើម្បីធានាថាពួកវា​ព្រមទាំងកម្ទេច​កម្ទីផ្សេងៗនឹងធ្លាក់នៅ​ចំតំបន់គ្មានមនុស្ស​រស់នៅ។ តំបន់នេះត្រូវ​គេដាក់ឈ្មោះឲ្យថា ទីលានបញ្ចុះសព​​របស់យានអវកាស ដោយវាស្ថិត​នៅភាគខាងត្បូងមហាសមុទ្រ​ប៉ាស៊ីហ្វិក។ គិតចាប់តាំងពីឆ្នាំ១៩៧១ ដល់ឆ្នាំ២០១៦ យានអវកាស​ប្រមាណ​២៦៣គ្រឿង​របស់ប្រទេស​ចំនួន ០៤ ត្រូវបាន​គេទម្លាក់ចោល​នៅទីតាំង​នេះ។

រីឯផ្កាយរណប​នៅគន្លងកម្រិតខ្ពស់ ដែលគេបញ្ជាចេញ​ឲ្យពីផែនដី ក៏មានទីលានបញ្ចុះសព​សម្រាប់ពួកវាដែរ ដែលគេ​ហៅថា Graveyard Orbit ស្ថិតនៅចម្ងាយ ៣,៦០០គីឡូម៉ែត្រ​ពីភពផែនដី ពោលគឺរាប់រយគីឡូម៉ែត្រ​ផុតពីផ្កាយរណបនានា ដែលកំពុងធ្វើការ​នៅជុំវិញ​ផែនដី និងធានាថា ពួកវាទាំងនោះនឹងមិនបង្កការរំខានដល់​បេសកកម្ម​អវកាសនានា នៅថ្ងៃអនាគត​នោះ​ឡើយ៕

ប្រភព៖ Business Insider (ដកស្រង់ការផ្សាយនៅថ្ងៃទី១៨ ខែកុម្ភៈ ឆ្នាំ២០១៩)