(អ៊ីស្លាម៉ាបាដ)៖ ព្រះអង្គម្ចាស់​ស្នងរាជ្យនៃព្រះរាជាណាចក្រ​អារ៉ាប៊ីសាអូឌីត ម៉ូហាំម៉េដ ប៊ីន សាល់ម៉ាន់ (Mohammed bin Salman) នាថ្ងៃអាទិត្យ បានចុះកិច្ចព្រមព្រៀង​​សរុបចំនួន ០៨ ជាមួយប្រទេស​ប៉ាគីស្ថាន ដែលមានទំហំជា​ទឹកប្រាក់ស្មើនឹង ២០ពាន់លានដុល្លារអាមេរិក។ នេះបើតាម​សេចក្តីរាយការណ៍​​របស់ស្ថានីយទូរទស្សន៍​អារ៉ាប៊ីសាអូឌីត អាល់អារ៉ាប៊ីយ៉ា (Al Arabiya TV) ដកស្រង់​ការផ្សាយដោយទីភ្នាក់ងារ​ព័ត៌មានចិន ស៊ីនហួរ នៅព្រឹក​ថ្ងៃចន្ទ ទី១៨ ខែកុម្ភៈ ឆ្នាំ២០១៩។

មួយក្នុងចំណោមកិច្ចព្រមព្រៀងទាំង ០៨ គឺស្តីពី​គម្រោង​សាងសង់រោងចក្រចម្រាញ់ប្រេង​ របស់ក្រុមហ៊ុន​ប្រេងអារ៉ាប៊ីសាអូឌីត អារ៉ាមកូ (Aramco) នៅ​ក្នុងទីក្រុង ក្វាដា (Gwadar) នៃប្រទេសប៉ាគីស្ថាន ដែល​ត្រូវគេរំពឹងថានឹងក្លាយជា រោងចក្រចម្រាញ់ប្រេង​ធំបំផុតមួយនៅលើ​ពិភពលោក ខណៈ​កិច្ច​​ព្រមព្រៀង​តែមួយប៉ុណ្ណោះនេះ​មានតម្លៃដល់ទៅ ១០ពាន់លានដុល្លារ។

នាឱកាសពីធី​ចុះហត្ថលេខា ព្រះអង្គម្ចាស់ Bin Salman បានមានព្រះបន្ទូលថា «ប៉ាគីស្ថានគឺ​ជាប្រទេសដ៏ជិតស្និទ្ធមួយចំពោះ​ប្រជាជន​​​អារ៉ាប៊ី​សាអូឌីត ហើយពួកយើងនឹង​បន្តធ្វើជាដៃគូនឹងគ្នា ដូចពេល​កន្លងៗមក»។ ព្រះរាជទាយាទ​អារ៉ាប៊ីសាអូឌីត​បានបន្តទៀតថា ប្រទេសទ្រង់​និង​ប៉ាគីស្ថាន កំពុងសហការគ្នា​ដើម្បីពង្រីកភាពជាដៃគូ​ផ្នែកសេដ្ឋកិច្ច ជាពិសេស​ក្នុងវិស័យ​ទេសចរណ៍។

គួរជម្រាបថា ព្រះអង្គម្ចាស់ Bin Salman កំពុងស្ថិតក្នុងការបំពេញ​ទស្សនកិច្ចរយៈពេល ០២ថ្ងៃ នៅប៉ាគីស្ថាន ដែលជាប្រទេស​ដំបូង​គេ​​​ក្នុង​​​ដំណើរទស្សនកិច្ច​នៅតំបន់អាស៊ី​របស់ទ្រង់ ដែលបានចាប់ផ្តើមនា​ថ្ងៃអាទិត្យ ហើយ​ព្រះអង្គម្ចាស់នឹង​ត្រូវយាងទៅ​កាន់ប្រទេសចិន និង​​ឥណ្ឌា​​ជាបន្ត​បន្ទាប់​ទៀត៕