(វ៉ាស៊ីនតោន)៖ ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ នាថ្ងៃសៅរ៍សប្តាហ៍នេះ បានស្នើយ៉ាងទទូចទៅកាន់ ចក្រភពអង់គ្លេស ​អាល្លឺម៉ង់ និង បារាំង ព្រមទាំងបណ្តាសម្ព័ន្ធមិត្តឯទៀតៗនៅអឺរ៉ុប ឲ្យទទួលយកទៅកាត់ទោសនូវសមាជិកក្រុមភេរវករ ISIS រាប់រយនាក់ ដែលចាប់​ខ្លួន​បាន​ដោយសហរដ្ឋអាមេរិក នៅក្នុងទឹកដីនៃប្រទេសស៊ីរី។ នេះបើតាមការដកស្រង់ការផ្សាយចេញពីសារព័ត៌មានរុស្ស៊ី Sputnik នៅរសៀល​ថ្ងៃអាទិត្យ ទី០២ ខែកុម្ភៈ ឆ្នាំ២០១៩។

លោក ត្រាំ បានបង្ហោះសារនៅលើបណ្តាញសង្គម Twitter ដូច្នេះថា «សហរដ្ឋអាមេរិកកំពុងទទូចឲ្យចក្រភពអង់គ្លេស អាល្លឺម់ង់ បារាំង រួម​ទាំងសម្ព័ន្ធមិត្តអឺរ៉ុបឯទៀតៗ ទទួលយកអ្នកប្រយុទ្ធ ISIS ជាង៨០០នាក់ ដែលយើងចាប់ខ្លួនបាននៅប្រទេសស៊ីរី ហើយកាត់ទោសពួកគេ​តាមផ្លូវច្បាប់»។ ជាមួយគ្នានេះ លោក ត្រាំ បានបញ្ជាក់ថា ទីក្រុងវ៉ាស៊ីនតោនអាចនឹងដោះលែងសមាជិក ISIS ទាំងនោះ ប្រសិន​បើ​សម្ព័ន្ធ​​របស់​ខ្លួន​នៅ​អឺរ៉ុ​ប​បដិសេធ​ចំពោះសំណើនេះ។

គួរជម្រាបថា ការគំរាមកំហែងភេរវកម្ម បានបន្តមានកម្រិតខ្ពស់ក្នុងអំឡុងពេលប៉ុន្មានឆ្នាំកន្លងទៅនេះ ក្នុងតំបន់អឺរ៉ុប ខណៈបណ្តា​ប្រទេស​អឺរ៉ុប បានជួបប្រទះសកម្មភាពវាយប្រហារដោយភេរវកម្មដ៏ប្រល័យមួយចំនួន រួមមានករណីបំផ្ទុះគ្រាប់បែកក្នុងការប្រគុំតន្រ្តីនៅក្នុងទីក្រុង Manchester កាលពីថ្ងៃទី២២ ខែឧសភា ឆ្នាំ២០១៧ ដែលបានផ្តាច់ជីវិតមនុស្ស២៣នាក់ ជាដើម៕