(ហាណូយ)៖ រដ្ឋាភិបាលវៀតណាម​បានសម្រេច ផ្តល់ការ​អនុគ្រោះបន្ថែមដល់បណ្តា​​ក្រុមហ៊ុនអាជីវកម្ម​ ដែលធ្វើប្រតិបត្តិការ​ក្នុង​​វិស័យ​វិទ្យសាស្រ្ត និង​បច្ចេកវិទ្យា ដោយរួមមាន​ការកាត់បន្ថយពន្ធ​សាជីវកម្ម និងការលើកលែង​ពន្ធ, ការបន្ទាប​ថ្លៃ​ជួលដីធ្លី និងផ្ទៃទឹក, ​រួម​ទាំងការលើកទឹកចិត្តផ្នែក​កម្ចីឥណនាជាដើម។ នេះបើតាម​ការដកស្រង់ការផ្សាយចេញ​ពីទីភ្នាក់ងារព័ត៌មានចិន ស៊ីនហួរ នៅ​ល្ងាច​ថ្ងៃសុក្រ ទី១៥ ខែកុម្ភៈ ឆ្នាំ២០១៩។

នៅក្រោមច្បាប់ថ្មី​របស់រដ្ឋាភិបាល​វៀតណាម ដែលនឹងចូលជាធរមានចាប់ពី​ថ្ងៃទី២០ ខែមីនា ខាងមុខតទៅនោះ អាជីវកម្មផ្នែក​វិទ្យា​សាស្រ្ត​ព្រមទាំងបច្ចេកវិទ្យា ដែលមានប្រភព​ចំណូលពីការបង្កើត និងលក់ផលិតផល ដែលបាន​ពីការសិក្សា​ស្រាវជ្រាវវិទ្យា​សាស្រ្ត ​​និងការអភិវឌ្ឍបច្ចេកវិទ្យា នឹងទទួលបាន​ការកាត់បន្ថយ និងលើកលែង​ពន្ធសាជីវកម្ម ដូចគ្នា​ជាមួយ​​បណ្តា​អាជីវកម្ម ដែលមាន​​​គម្រោងវិនិយោគ​ថ្មីៗ នៅក្នុងការស្រាវជ្រាវ​ផ្នែកវិទ្យាសាស្រ្ត និងការអភិវឌ្ឍបច្ចេកវិទ្យា

និយាយឲ្យ​ចំទៅ គឺអាជីវកម្មទាំងនេះ​នឹងត្រូវលើកលែងពី​ពន្ធសាជីវកម្ម​រយៈពេល ​០៤ឆ្នាំ​ ហើយទទួល​បានការបន្ធូរបន្ថយ​ពន្ធ​​ ៥០ភាគរយ​សម្រាប់រយៈពេល ០៩ឆ្នាំបន្ទាប់។ ទាក់ទិននឹង​​ការលើកទឹកចិត្តផ្នែកកម្ចី​ឥណទានវិញ ក្រឹត្យខាងលើបាន​បញ្ជាក់ថា​ ​គម្រោងដែល​វិនិយោគទៅលើ​ផលិតផល ដែលបានមកពី​ការស្រាវជ្រាវ​វិទ្យាសាស្រ្ត និងបច្ចេកវិទ្យា​​នៃ​បណ្តាអាជីវកម្ម​នានា ​​នឹង​ត្រូវផ្តល់ឲ្យ​នូវឥណទាន​វិនិយោគរបស់​រដ្ឋផ្ទាល់។

ចំណែកឯ​អាជីវកម្ម​ដែលធ្វើការងារ​ទាក់ទងផ្នែកវិទ្យាសាស្រ្ត និង​បច្ចេកវិទ្យា ក៏ដូចជាអនុវត្តន៍​វិទ្យាសាស្រ្ត និងបច្ចេកវិទ្យា​នៅក្នុង​ផលិតកម្ម និងពាណិជ្ជកម្ម នឹងទទួលបាន​ការគាំទ្រផ្នែកហិរញ្ញប្បទាន ​ឬក៏ឥណទានជាមួយអត្រាការ​ប្រាក់យ៉ាងទាប ពីមូលនិធិ​ជាតិ សម្រាប់វិស័យ​បច្ចេកវិទ្យា និង​មូលនិធិ​ផ្សេងៗ​ទៀត។

គួរបញ្ជាក់ថា ប្រទេសវៀតណាម​នាមួយទសវត្សរ៍​ចុងក្រោយនេះ បានទាក់​ទាញការចាប់​អារម្មណ៍ជាខ្លាំង តាមរយៈការបាញ់​បង្ហោះផ្កាយរណប​ផ្ទាល់ខ្លួន, ការបង្កើត​ទីភ្នាក់ងារ​អភិវឌ្ឍន៍​ផ្នែក​វិទ្យាសាស្ត្រ និង​អវកាសជាតិ, ការទាក់ទាញ​ក្រុមហ៊ុនបច្ចេកវិទ្យា​រថយន្ត និងយន្តហោះអន្តរជាតិធំៗ​មកបើករោងចក្រ​ផលិតគ្រឿងបរិក្ខាក្នុងប្រទេស និងការបង្កើត​រោងចក្រផលិត​រថយន្ត ព្រមទាំងស្មាតហ្វូន​ដោយ​ខ្លួនឯង​ជាដើម៕