​(កង់បេរ៉ា)៖ អ្នកជំនាញសុខភាព​ផ្លូវចិត្ត លោក ផេទ្រីក ម៉ាកហ្គូ័ររី (Patrick McGorry) បានព្រមានថា ការប្រើប្រាស់​ទូរស័ព្ទដៃស្មាតហ្វូនគឺជា​មូលហេតុ នៃបញ្ហាផ្លូវចិត្ត​ដែលបានធ្វើឱ្យប្រទេសអូស្ត្រាលី​ខាងបង់ប្រាក់ ៤២.៥ពាន់លានដុល្លារ ជារៀងរាល់ឆ្នាំ។ នេះបើតាម​ការចេញផ្សាយ​ដោយ ទីភ្នាក់ងារសារព័ត៌មានចិន​ស៊ីនហួរ នៅរសៀលថ្ងៃសុក្រ ទី១៥ ខែកុម្ភៈ ឆ្នាំ២០១៩។

លោក McGorry ធ្វើការកត់​សម្គាល់បែបនេះ​នៅមុនពេល​ត្រូវចូលរួមវេទិកា​សុខភាពផ្លូវចិត្ត​មួយ រៀបចំឡើងក្នុង​ទីក្រុង អេឌែឡេដ (Adelaide) នៅថ្ងៃសុក្រនេះ។ លោក​បានបន្ថែមទៀតថា អត្រានៃការ​ធុញថប់ និងជំងឺធ្លាក់ទឹកចិត្ត​បានកើនឡើង អាស្រ័យទៅតាម​កំណើននៃទូរស័ព្ទ​ដៃ​ស្មាតហ្វូន ដូច្នេះហើយ​​ទើបអ្នកជំនាញ​រូបនេះ​ បានអំពាវនាវឱ្យមាន​ដំណោះស្រាយ​​ជាក់លាក់មួយ ដើម្បីដោះស្រាយ​បញ្ហាសុខភាព ផ្លូវចិត្ត ខណៈប្រជាជន​អូស្ត្រាលី ១៦ភាគរយ​ទទួលផលប៉ះពាល់​ពីជំងឺបាក់​ទឹកចិត្ត។

គួរបញ្ជាក់ថា លោក Patrick McGorry ត្រូវបានឈ្នះ​​ពានរង្វាន់ប្រចាំឆ្នាំអូស្ត្រាលី (Australian of the Year) កាលពីឆ្នាំ២០១០ សម្រាប់​ការបំពេញ​ការងារផ្នែកសុខភាព​ផ្លូវចិត្ត និងបង្កើតសមាគម​ជាតិ​សុខភាពផ្លូវចិត្ត​អូស្រ្ដាលី។ លោកបាន​ដឹកនាំក្រុម​ការងារស្រាវជ្រាវពី​បញ្ហាសុខភាពជា​ច្រើនមុខ ជាពិសេស​សុខភាព​ផ្លូវចិត្ត ដែលបាននិង​កំពុងបង្កឡើងដោយ​កត្តាជាច្រើន ហើយក្នុងនោះ​​ការប្រើប្រាស់​បច្ចេកវិទ្យា​នៃឧបករណ៍​អេឡិចត្រូនិក និងការលេង​បណ្តាញសង្គម កំពុងក្លាយ​ជា​បញ្ហាចម្បង ដែលធ្វើឲ្យ​យុវវ័យអូស្ត្រាលី​ជាច្រើន​រងគ្រោះទាំងផ្លូវការ និងសតិអារម្មណ៍៕