(វ៉ាស៊ីនតោន)៖ សភាតំណាង​រាស្ត្រអាមេរិក ​ដែលកំពុងគ្រប់គ្រងដោយគណបក្ស​ប្រជាធិបតេយ្យ​​បានបោះឆ្នោត​អនុម័ត​ហើយ លើកញ្ចប់​ថវិកា​សហព័ន្ធសម្រាប់​សន្តិសុខតំបន់​ព្រំដែន ដើម្បីបញ្ចៀស​ការបិទរដ្ឋាភិបាលជាថ្មីម្ដងទៀត ហើយការអនុម័ត​នឹងត្រូវបញ្ជូន​ឱ្យលោក ដូណាល់ ត្រាំ ចុះហត្ថលេខាបើទោះបីជាប្រធានាធិបតីរូបនេះបានគំរាម ប្រកាសអាសន្នផ្នែកសន្តិសុខ​ក៏ដោយ។ នេះបើតាមការចេញ​ផ្សាយដោយសារព័ត៌មាន Sputnik នៅរសៀលថ្ងៃសុក្រ ទី១៥ ខែកុម្ភៈ ឆ្នាំ២០១៩។

សភាតំណាងរាស្ត្រ​អាមេរិក បានបោះឆ្នោត​អនុម័តកញ្ចប់ថវិកា​សហព័ន្ធខាងលើ​ក្នុងសំឡេងគាំទ្រ ៣០០ ទល់នឹងសំឡេងប្រឆាំង ១២៨ នៅថ្ងៃព្រហស្បតិ៍​សប្ដាហ៍នេះ (ម៉ោងនៅ​អាមេរិក)។ ម្យ៉ាងវិញទៀត​ការអនុម័តនេះ​នឹងផ្ដល់ថវិកា ១.៣៧ពាន់លានដុល្លារ​ដល់គម្រោង​សង់ជញ្ជាំងព្រំដែន​របស់លោក ដូណាល់ ត្រាំ ក្នុងនោះរួមមាន​ទាំងការសាងសង់របងដែក​ព្រំដែនបន្ថែម​ ជាមួយផ្នែកខ្លះនៃតំបន់​ព្រំដែន​ជាប់ប្រទេស​ម៉ិចស៊ីកូ។ ប៉ុន្តែ​វាមិនមែនជា​កញ្ចប់ថវិកា ៥.៧ពាន់លានដុល្លារ​ដែលលោក ត្រាំ ចង់បាននោះឡើយ។

គួរជម្រាបថា បើតាមសេតវិមាន លោក ដូណាល់ ត្រាំ អាចនឹងចុះហត្ថលេខា​លើការអនុម័តកញ្ចប់ថវិការបស់​សភាអាមេរិក ប៉ុន្តែ ទន្ទឹមគ្នាប្រធានាធិបតី​អាមេរិករូបនេះ ក៏បានបញ្ជាក់បែបព្រមានដែរថា លោកនឹងប្រកាសពី​ភាពអាសន្នផ្នែកសន្តិសុខជាតិ ដើម្បីដាក់សម្ពាធ​ឱ្យសភា យល់ព្រមអនុម័តលើ​កញ្ចប់ថវិកាសង់​ជញ្ជាំង នៅតំបន់ព្រំដែនភាគ​ខាងត្បូងជាប់ម៉ិចស៊ីកូ តាមដែលលោក​ចង់បាន៕