(វ៉ាស៊ីនតោន)៖ នៅពេលមេដឹកនាំ​យោធាមកសហរដ្ឋអាមេរិក កូរ៉េខាងជើង និង​ចិន​បាន​ចុះ​ហត្ថលេខា​លើ​បទ​ឈប់​បាញ់​​គ្នា​នៅ​ឆ្នាំ​១៩៥៣ បន្ទាប់​ពី​មាន​​ជម្លោះ​បង្ហូរឈាម​អស់រយៈពេល​០៣​ឆ្នាំ​នោះ ក្នុង​រយៈ​ពេល​ប៉ុន្មាន​ខែ​​ក្រោយ​មក ភាគី​ហត្ថលេខី​​​បាន​យល់​ព្រម​ឈានដល់ «ការដោះស្រាយ​​ដោយ​សន្តិវិធី»។ យ៉ាង​នេះ​ក្តី ដំណោះស្រាយ​​ដោយ​សន្តិវិធី​ (សន្ធិសញ្ញាសន្តិភាព) នៅ​តែ​​មិន​​បាន​កើត​ឡើង​​ឡើយ ហើយ​សង្គ្រាម​កូរ៉េ​មិន​​ដែល​បាន​បញ្ចប់ជាផ្លូវការ​​នោះ​ទេ រហូតមក​ដល់សព្វថ្ងៃ។

ប៉ុន្តែ​អ្វី​ៗ​អាច​នឹង​​មាន​ការ​ផ្លាស់ប្តូរ បន្ទាប់​ពី​មាន​ការ​រំពឹង​​ទុក​ខ្ពស់​ថា លោក Donald Trump និង​មេ​ដឹក​នាំ​កូរ៉េខាងជើង​លោក Kim Jong Un យក​ឱកាស​នៃ​កិច្ច​ប្រជុំលើកទី ២ ស្តី​ពី​ការ​លុប​បំបាត់​អាវុធ​​នុយក្លេអ៊ែរ​នៅ​ចុង​ខែ​កុម្ភៈ​នេះ ដើម្បី​ប្រកាស​បញ្ចប់​​ជម្លោះ​​ជា​ផ្លូវ​ការ​។

លោក​ស្រី​ Christine Ahn ស្ថាបនិកក្រុម​សកម្មជនសន្តិភាព​ស្ត្រី ប្រចាំ​តំបន់​​គ្មាន​ទ័ព បាននិយាយថា​ «យើងដឹងថា​ជាទូទៅ​សង្រ្គាម​បាន​កំណត់រារាំង​​ទំនាក់​ទំនង​​​រវាង​​អាមេរិក និង​កូរ៉េ​ខាងជើង ដូច្នេះ​ប្រសិន​បើ​គ្មាន​​ដំណោះស្រាយ​ច្បាស់លាស់​​ណាមួយ​ ឆ្លើយ​តប​​​សង្គ្រាម​នេះ នោះ​សង្គ្រាម​នុយក្លេអ៊ែរ​អាច​​នឹង​ផ្ទុះ​ឡើង។ ការ​មិន​ស្វែង​រក​​ដំណោះ​ស្រាយ​​បញ្ចប់​សង្គ្រាម វា​នឹង​​បង្កើត​ភាព​​មិន​ប្រាកដ​ប្រជា​​​ក្នុង​​ទំនាក់​ទំនង​​រវាង​សហរដ្ឋអាមេរិក និង​កូរ៉េខាងជើង»

«លោក​​ប្រធានាធិបតី Trump ត្រៀមរួច​ជា​ស្រេច​ដើម្បី​បញ្ចប់សង្រ្គាមនេះ ​អាមេរិក​នឹង​មិន​ឈ្លានពាន​​កូរ៉េ​ខាង​ជើង​ទេ» នេះ​ជា​ការ​អះអាង​​​របស់​លោក Stephen Biegun ​បេសកជន​ពិសេស​​អាមេរិក ប្រចាំ​កូរ៉េ​ខាងជើង។ លោក Stephen Biegun បាន​និយាយថា «លោក Trump បានប្តេជ្ញាចិត្ត​យ៉ាងមុតមាំ ដើម្បី​បញ្ចប់​ការ​ឈ្លានពាន​​នៅ​ឧបទ្វីបកូរ៉េ ដែល​ការ​ប្តេជ្ញា​ចិត្ត​នេះ​មាន​ភាព​ប្រាកដ​​ជាង​ប្រធានាធិបតី​​ ធ្លាប់​កាន់​​អំណាច​មុន​លោក»។

លោក​​បាន​​បន្តទៀតថា «លោក Trump ត្រៀមរួចរាល់​ដើម្បីបញ្ចប់សង្រ្គាមនេះ... វា​​បាន​ដល់​ទី​បញ្ចប់ហើយ។ វា​ត្រូវ​បាន​​​​ដោះស្រាយ​ អាមេរិក​នឹង​មិន​ឈ្លានពានកូរ៉េខាងជើង​ទេ។ យើង​មិន​​មាន​បំណង​ចង់​ធ្វើ​ការ​ផ្តួលរំលំរបបនេះ​ឡើយ »។ កាលពីថ្ងៃចន្ទ​កន្លង​​ទៅនេះ លោក Biegun បានជួបជាមួយមន្រ្តី​កូរ៉េខាងត្បូង​នៅសេអ៊ូល ដើម្បីពិភាក្សា​លម្អិតអំពីជំនួប​កំពូលនាពេល​ខាងមុខ ដែលរំពឹងថានឹង​ប្រព្រឹត្តទៅ​នៅ​ប្រទេស​វៀតណាម។

ក្នុងអំឡុងកិច្ចប្រជុំ​កំពូលលើកដំបូង​នៅ​ប្រទេសសិង្ហបុរី នា​រដូវក្តៅឆ្នាំ​២០១៨​កន្លង​ទៅនេះ លោក Kim បានចុះហត្ថលេខា​លើកិច្ចព្រមព្រៀងមួយ ដោយបាន​សន្យា​ថា​នឹង​ធ្វើ​ដំណើរ​ឆ្ពោះ​ទៅ​រក​ការ​រំសាយ​​អាវុធនុយក្លេអ៊ែរ​ទាំង​ស្រុង​​នៅឧបទ្វីបកូរ៉េ ប៉ុន្តែ​ដំណើរ​វិវឌ្ឍន៍​​ទៅ​មុខ បាន​ផ្អាក​បន្ទាប់​​ពី​រដ្ឋាភិបាលទីក្រុង​ព្យុងយ៉ាង បាន​ចោទប្រកាន់​​រដ្ឋាភិបាល​ក្រុង​វ៉ាស៊ីនតោន ថាមិនបាន​ចាត់​វិធានការសមស្រប (មិនទាន់ដកទណ្ឌកម្ម)។

មាន​ការរំពឹងទុក​ថា បន្ទាប់​ពី​កិច្ច​ជំនួប​​លើក​នេះ កូរ៉េខាងត្បូង និងសហរដ្ឋអាមេរិក អាច​នឹង​ចាប់​ផ្តើម​ទំនាក់ទំនង​​ធម្មតា​ឡើង​វិញ​ ដោយ​អាមេរិក​បើក​ស្ថាន​​ទូត​ ឬ​ការិយាល័យ​​ទំនាក់ទំនង​ក្នុង​រដ្ឋធានី​​ព្យុងយ៉ាង​ ឬ​ព្យុង​យ៉ាង​បើក​ស្ថានទូត​​នៅ​អាមេរិក​វិញ​ដូច​គ្នា​។ សេចក្តី​ប្រកាស​បញ្ចប់សង្គ្រាម អាច​បញ្ចូល​​ផង​ដែរ​នូវ​ការ​បន្ធូរបន្ថយ​ ពីការដាក់ទណ្ឌកម្ម​​ពី​សំណាក់​សហរដ្ឋអាមេរិក​​ទៅលើ​​កូរ៉េខាងជើង និងការបន្ធូរបន្ថយ​​ទៅ​លើ​ការហាមឃាត់​ការធ្វើដំណើរ​របស់​ជនជាតិ​អាមេរិក​លើ​ទឹកដី​​កូរ៉េខាងជើង​​ជាដើម។

ដោយ​ឡែក​​មជ្ឈដ្ឋាន​​ខ្លះ​យល់​ថា ការ​បញ្ចប់​​សង្គ្រាមមានន័យថា ជា​ការដក​កងទ័ព​អាមេរិក​ចេញ​ពី​​កូរ៉េខាងត្បូង ដែល​នេះ​ជា​បំណង​​ប្រាថ្នា​ដ៏យូរអង្វែង​មក​​ហើយ​​របស់​រដ្ឋាភិបាល​​ទីក្រុង​ព្យុង​យ៉ាង។ ប្រទេសចិន​ដែលជាអ្នកជួយឧបត្ថម្ភ​ដ៏សំខាន់របស់​កូរ៉េខាងជើង និងបានបង្ហាញ​នូវការគាំទ្រ​របស់ខ្លួន​ម្តងហើយ​ម្តងទៀត ចំពោះកិច្ចព្រមព្រៀង​សន្តិភាព និង​ការ​ដកទ័ព​អាមេរិក​ចេញ​​ពី​ទឹកដី​កូរ៉េខាងជើង។ ប្រទេសជប៉ុន​ដែលចាត់ទុកថា កូរ៉េខាងជើង​ជាការគំរាមកំហែង​ផ្នែកសន្តិសុខ​សំខាន់ ក៏​ច្បាស់​ជា​បង្ហាញ​​ការ​ស្វាគមន៍ចំពោះ​​ដំណើរ​វិវឌ្ឍន៍ជា​វិជ្ជមាន​នេះ​​ដូច​គ្នា​។

អស់រយៈពេល​ជាច្រើនទសវត្សរ៍មក​ហើយ កូរ៉េខាងជើងបាន​អំពាវនាវដល់​សហរដ្ឋអាមេរិក ឱ្យចុះហត្ថលេខា​លើសន្ធិសញ្ញាសន្តិភា​ពជាផ្លូវការ និងបញ្ចប់ «គោលនយោបាយ​អរិភាព» ប្រឆាំង​​កូរ៉េខាងជើង​ដោយ​ខ្លួន​បាន​មើល​ថា វត្តមានរបស់​សហរដ្ឋអាមេរិក ជាការគំរាមកំហែង​សន្តិសុខ និង​ជា​ឆ្អឹង​រារាំង​​​ដល់ការបង្រួបបង្រួម​​ជាមួយ​កូរ៉េខាងត្បូង។

លោក Trump ដែលបានផ្អាកការ​ធ្វើសមយុទ្ធរួមគ្នាជាមួយ​​រដ្ឋាភិបាល​ក្រុង​សេអ៊ូល ជាសម្បទានមួយ​ទៅឱ្យកូរ៉េខាងជើង ​និង​បាន​​ត្អូញត្អែរ​​អំពីការចំណាយ​លើ​ការ​​ដាក់​ពង្រាយ​ទ័ព​នៅក្នុងប្រទេស​កូរ៉េខាងត្បូង ប៉ុន្តែ​បាន​ថ្លែង​​ប្រាប់​ភ្នាក់ងារ​​ព័ត៌មាន CBS ថា លោកគ្មាន​​គម្រោង​ក្នុង​​ការ​ដក​​ទ័ព​ចេញ​​ឡើយ។ សកម្មជន​ស្ត្រី​​ប្រចាំ​តំបន់​គ្មាន​ទ័ព​​បាន​លើកឡើង​ថា «នៅទីបំផុតនៅ​ពេលយើង​អាច​មើលឃើញ​ពី​​ចុងបញ្ចប់នៃសង្រ្គាម ហើយ​ប្រសិន​​បើ​សន្តិភាព​នឹង​កើតមានឡើង​នៅលើឧបទ្វីបកូរ៉េ​សំនួរ​សួរ​ថា​ តើ​មាន​ហេតុផល​អ្វី​ដែល​យោធាសហរដ្ឋអាមេរិក​​គួរ​បន្ត​វត្តមាន​​ នៅ​លើ​ដែនដី​​កូរ៉េខាងត្បូង​​​ទៀត​នោះ»​?

បើ​ទោះបី​រដ្ឋាភិបាល​​ក្រុងសេអ៊ូល​ មិនមែនជាប្រទេសហត្ថលេខី​នៃបទឈប់បាញ់​ឆ្នាំ​១៩៥៣ ប្រជាជន​​កូរ៉េ​ខាង​ត្បូង​ប្រមាណ ០​៨​នាក់​​ក្នុង​ចំណោម​ ១០​នាក់ គាំទ្រការចុះហត្ថលេខា​​លើ​កិច្ច​ព្រមព្រៀង​សន្តិភាព​ជាមួយកូរ៉េខាងជើង នេះ​បើយោងទៅ​តាមការស្ទង់មតិ​​មួយ​ដោយ​ក្រុមហ៊ុន Real Meter កាលពីឆ្នាំមុន។ ក៏ប៉ុន្តែប្រជាជន​កូរ៉េខាងត្បូងភាគច្រើន​​ក៏​គាំទ្រ​ដល់​​ការ​បន្ត​វត្តមាន​​យោធា​អាមេរិកនៅ​លើ​ទឹកដី​​របស់​ពួក​ដដែល ដោយ​​ក្នុង​នោះ​ ៩៦% បាននិយាយថា វាគឺជារឿង «ចាំបាច់»។

«ប្រជាជនកូរ៉េខាងត្បូង​ភាគច្រើនចង់បាន​សន្តិភាព ប៉ុន្តែ​ការ​ចុះហត្ថលេខា​លើសន្ធិសញ្ញា​សន្តិភាព មុនពេលកូរ៉េខាងជើង​​មិន​ទាន់​អាច​ចាត់វិធានការ​​ជាក់ស្តែង​ណាមួយដើម្បី​​​រំសាយ​នុយក្លេអ៊ែរ គឺជា​រឿង​​ខុសឆ្គង។ ជាពិសេសប្រជាជន​​កូរ៉េខាងត្បូងគិតថា កូរ៉េខាងជើង​នឹង​មិនបោះបង់ចោល​​ អាវុធនុយក្លេអ៊ែរ​របស់​ខ្លួន​​យ៉ាង​ងាយ​​នោះឡើយ។ ក្នុងស្ថានភាពនេះ ការចុះហត្ថលេខា​លើសន្ធិសញ្ញា​សន្តិភាព​ដើម្បីបញ្ចប់​សង្រ្គាមកូរ៉េ ​នឹង​ផ្តល់​គុណ​វិបត្តិច្រើនជាង​​គុណ​សម្បត្តិ។​

ទោះបីជាការប្រយុទ្ធគ្នា​នៅក្នុងសង្គ្រាម​កូរ៉េបានបញ្ចប់​ជិត ៧០​ឆ្នាំ​កន្លង​ទៅ​ក្តីក៏សហរដ្ឋអាមេរិក និងកូរ៉េខាងជើង មិនមានទំនាក់​ទំនងការទូត​ជាផ្លូវការទេ។ ជាលទ្ធផលនៃ​ការ​ដាក់​ទណ្ឌកម្ម​​យ៉ាងគំហុក និងការហាមឃាត់​ការធ្វើដំណើរ​ទៅ​វិញ​ទៅ​មក ហេតុ​នេះ​ការផ្លាស់ប្តូរទំនិញ និងប្រជាជនរវាងប្រទេសទាំងពីរ​ស្ទើរ​គ្មាន​​ទាល់តែ​សោះ។​ ចាប់តាំងពីដើម​ទសវត្សរ៍១៩៩០ មកភាគីទាំង​ពីរ​មើល​មុខ​គ្នា​មិន​ចំ ដោយសារ​ការអភិវឌ្ឍអាវុធនុយក្លេអ៊ែរ និងកាំជ្រួចមីស៊ីល​របស់​​រដ្ឋាភិបាល​​ទីក្រុងព្យុងយ៉ាង និង​ ជម្លោះ​ប្រដាប់អាវុធ។ គួររំឮក​ថា ក្នុងអំឡុងពេល​ដំបូង​នៃតំណែងប្រធានាធិបតី លោក Trump បាន​ពិចារណា​ក្នុង​​ការ​បាញ់​ប្រហារ​​កូរ៉េខាងជើង ដើម្បី​ទប់ស្កាត់​ការអភិវឌ្ឍ​នុយក្លេអ៊ែរ។​

មុនពេលកិច្ចប្រជុំ​ជាលើកដំបូង​ជាមួយ​​លោក​ Kim ​នោះ ​លោក Trump បានបញ្ជាក់ថា ការបញ្ចប់សង្គ្រាមកូរ៉េ គឺ​ជា​បញ្ហា​សំខាន់​មួយ​​ដែល​នឹង​ត្រូវ​បាន​លើក​មក​ពិភាក្សា​ក្នុងរបៀបវារៈ​នៃ​កិច្ច​ជំនួប​លើក​នេះ​។ ចំណុច​នេះ​បាន​​ផ្តល់​​​ក្តី​សង្ឃឹម​ច្រើន​ថា សង្គ្រាម​នៅ​ឧបទ្វីប​កូរ៉េ​អាច​នឹង​ឈាន​ដល់​ថ្ងៃ​​បញ្ចប់​ប្រសិន​បើ​មេដឹកនាំ​អាមេរិក​រូប​នេះ​ មិន​​ប្រែ​សំដី​​​ ឬចិត្ត​ភ្លាម​ៗ ដូច​ដែល​លោក​ធ្លាប់​​ធ្វើ​កន្លង​មក​​ទេ​នោះ៕ ប្រែសម្រួលដោយ៖ អ៊ឹត ចណ្ណា
ប្រភព៖ South China Morning Post (ថ្ងៃព្រហស្បតិ៍ ទី១៤ ខែកុម្ភៈ ឆ្នាំ២០១៩)