(ឡាហាវ៉ាន់)៖ រដ្ឋាភិបាល​គុយបាបានឱ្យដឹងថា សហរដ្ឋអាមេរិក​កំពុងត្រៀមខ្លួន​ធ្វើអន្តរាគមន៍យោធា​នៅក្នុងប្រទេស​វេណស៊ុយអេឡា​ ក្រោមលេស​មនុស្សធម៌ និងបានអំពាវនាវ​ឱ្យអន្តរជាតិរួមដៃគ្នា​ ដើម្បីបញ្ជៀស​សេណារីយ៉ូនេះ​កុំឱ្យកើត​ឡើង។ នេះ បើតាមការ​ចេញផ្សាយដោយ​ទីភ្នាក់ងារសារព័ត៌មាន ស៊ីនហួរ នៅរសៀលថ្ងៃព្រហស្បតិ៍ ទី១៤ ខែកុម្ភៈ ឆ្នាំ២០១៩។

ការព្រមាន​ខាងលើរបស់​រដ្ឋាភិបាល​គុយបា ធ្វើឡើង​នៅក្នុងសេចក្ដីថ្លែងការណ៍​មួយ ចេញផ្សាយ​នៅថ្ងៃពុធ​សប្ដាហ៍នេះ។ សេចក្ដីថ្លែង​ការណ៍ដដែលបាន​បញ្ជាក់យ៉ាងដូច្នេះថា «សហរដ្ឋអាមេរិក​មានបំណងប្រើលេស​មនុស្សធម៌ ដើម្បីធ្វើអន្តរាគម៍​យោធាឈ្លាន​ពាន​វេណេស៊ុយអេឡា... ហើយមិនតែប៉ុណ្ណោះ​ទីក្រុងវ៉ាស៊ីនតោន​ក៏បានដាក់សម្ពាធ​លើបណ្ដារដ្ឋាភិបាល​ដទៃ ដើម្បីគាំទ្រឱ្យមានការបោះ​ឆ្នោតជាថ្មីនៅ​វេណេស៊ុយអេឡា និងទទួល​ស្គាល់លោក ជូអាន ហ្គៃដូ (Juan Guaido) ដែលបានប្រកាស​តែងតាំងខ្លួនជា​ប្រធានាធិបតី​ស្ដីទី»

គួរបញ្ជាក់ថា ការព្រមានពីលទ្ធភាព​ធ្វើអន្តរាគមន៍យោធា​របស់សហរដ្ឋអាមេរិក កើតមានឡើង​បន្ទាប់ពីមានសេចក្ដីរាយការណ៍​ថា យន្ដហោះយោធា​អាមេរិកបានដឹកជញ្ជូនកងទ័ព​នៅចន្លោះ​ពីថ្ងៃទី០៦ ដល់ថ្ងៃទី១០ ខែកុម្ភៈ មកពីមូលដ្ឋានទ័ព​នៅឯដែនដី ភឺតូរីកូ (Puerto Rico), សាធារណរដ្ឋដូមីនិច និងប្រទេស​ក្នុងតំបន់ ការីបៀន (Caribbean) មួយចំនួន​​ទៀត​ដោយ​គ្មានការយល់ព្រម​​ពីរដ្ឋាភិបាល​នៅក្នុងតំបន់។

លើសពីនេះ​ទៅទៀត នៅក្នុងចំណោម​កងទ័ពទាំងនេះ ក៏មានផងដែរនូវកងកុម្ម៉ង់ដូពិសេស​អាមេរិក Special Forces និង Navy SEALs ដែលជំនាញ​ខាងធ្វើប្រតិបត្តិការប្រឆាំង​នឹងមេដឹកនាំនៃ​ប្រជាជាតិ​ដទៃ។ នេះមិនមែន​ជារឿងថ្មី​នោះឡើយ នៃការ​ព្រមាន​អំពី​អន្តរាគមន៍​យោធាដោយ​អាមេរិក ដែលអាច​កើតមានលើវេណេស៊ុយអេឡា​ប៉ុន្តែលើក​ឡើងរបស់គុយបា​ពេលនេះ គឺអមទៅ​ដោយភស្តុតាងថ្មីៗ​មួយ​ចំនួនទៀត៕