(វ៉ាស៊ីនតោន)៖ ខ្មោចនាវាដឹកយន្តហោះចម្បាំង​អាមេរិក​មួយគ្រឿង ​កាលពីសម័យសង្រ្គាមលោក​លើកទីពីរ ត្រូវបានអ្នក​ស្រាវជ្រាវ​​រក​ឃើញ​នៅ​ឯបាតមហាសមុទ្រ​ប៉ាស៊ីហ្វិក។ នេះបើតាម​ការដកស្រង់ការផ្សាយ​ចេញពីសារព័ត៌មាន Sputnik នៅរសៀល​ថ្ងៃព្រហស្បតិ៍ ទី១៤ ខែកុម្ភៈ ឆ្នាំ២០១៩។

នៅថ្ងៃទី២៦ ខែតុលា ឆ្នាំ១៩៤២ នាវាដឹកយន្តហោះចម្បាំង​អាមេរិក USS Hornet បានទទួលរង​ការវាយប្រហារយ៉ាងធ្ងន់ធ្ងរ នៅក្នុងសមរភូមិ​ជាមួយ​ប្រទេស​ជប៉ុន នៅឯ​ប្រជុំកោះ សាន់តាគ្រូស (Santa Cruz) លើផ្ទៃ​មហាសមុទ្រ​ប៉ាស៊ីហ្វិក។ ក្នុងចំណោម​នាវិកទាំង ២,២០០នាក់ ដែល​មានវត្តមាន​នៅលើនាវា​ចម្បាំងនោះ ប្រមាណ ១៤០នាក់បានបាត់​បង់ជីវិត។ នៅពេលដែល​វាលិចបាត់ចូលក្នុង​ផ្ទៃសមុទ្រនា​​​​ថ្ងៃនោះ ពុំមាននរណាម្នាក់​បានឃើញនាវា​ចម្បាំង ហរណិត (Hornet) ទៀត​ឡើយ។

រហូតមក​ដល់ចុងខែមករា​កន្លងទៅ ​កប៉ាល់ស្រាវជ្រាវមួយ​គ្រឿង​​ឈ្មោះ R/V Petrel ក៏បានរកឃើញ​ខ្មោចនាវាដឹកយន្តហោះចម្បាំង​ក្នុងសង្រ្គាម​​​លោកនេះ នៅជម្រៅជាង ០៥គីឡូម៉ែត្រ​ក្រោមផ្ទៃទឹកនៃតំបន់ភាគខាងត្បូង​មហាសមុទ្រ​ប៉ាស៊ីហ្វិក ក្បែរប្រជុំកោះ សូឡូម៉ុន (Solomon) ​​ខណៈរយៈពេលជាង ៧៦ឆ្នាំ​បានកន្លង​ផុតទៅ។ ដំណឹងនៃ​ការរកឃើញ​នាវា Hornet ត្រូវបានប្រកាស​ដោយ​ក្រុមហ៊ុន​​​អាមេរិក វ៉ុលខេន (Vulcan Inc.) ដែលបង្កើតឡើង​ដោយ​​អតីតមហាសេដ្ឋី​ និងជាសហស្ថានិក​ក្រុមហ៊ុន Microsoft លោក ផូល អាឡេន (Paul Allen) ដែល​ជាម្ចាស់​កប៉ាល់ ផេត្រេល (Petrel)។

គួរជម្រាបថា នាវាដឹកយន្តហោះចម្បាំង Hornet មានឈ្មោះល្បី​រន្ទឺនាសម័យសង្រ្គាមលោក​លើកទីពីរ ដោយសារការ​បើកប្រតិបត្តិការ​ហៅថា ឌូលីតថល រ៉េដ (Doolittle Raid) ទៅលើទីក្រុង​តូក្យូ និងទីតាំងឯទៀតៗរបស់ជប៉ុន នៅខែមេសា ឆ្នាំ១៩៤២ ​ពោល​គឺ​​០៤​ខែ​ក្រោយ​​​​មានការវាយ​ប្រហារលើ​កំពង់ផែ ភាលហាប៊ឺ (Pearl Harbor) របស់​សហរដ្ឋអាមេរិក។ ប្រការនេះ​បង្ហាញថា ដែនដីនៃប្រទេសជប៉ុន​អាចងាយនឹង​ទទួល​​រង​​ការ​វាយលុក​ពីផ្លូវអាកាស​របស់អាមេរិក​បាន។

ពីរខែក្រោយ​មក Hornet បានដើរតួនាទីយ៉ាង​សំខាន់ អំឡុងសមរភូមិនៃតំបន់​ថ្មប៉ប្រះទឹក មីដវេយ៍ (Midway) ដែលវាបានជួយ​ក្នុងការ​ពន្លិចនាវាដឹកយន្តហោះ​ចម្បាំងចំនួន ០៤គ្រឿងរបស់ជប៉ុន។ ហើយជ័យជម្នះ​នៃសមរភូមិនេះ បានជួយ​អាមេរិកជាខ្លាំង ក្នុង​សង្រ្គាម​​នៅតំបន់​ប៉ាស៊ីហ្វិក។

យ៉ាងណាមិញ នាវាដឹកយន្តហោះចម្បាំងនេះ​បានរងគ្រោះ​យ៉ាងដំណំ ពីក្រុមយន្តហោះ​ជ្រមុជទម្លាក់​គ្រាប់បែក និង​យន្តហោះបាញ់​មីស៊ីល​រត់​​ក្រោមទឹក (Torpedo) នៅក្នុងសមរភូមិ​នៃទីប្រជុំកោះ Santa Cruz រួចមកវាបានលិច​ចូលក្នុងផ្ទៃសមុទ្រ ហើយ​ជប៉ុនក៏បាន​​ទទួល​ជ័យជម្នះនាគ្រានោះ តែជាមួយការ​ខាតបង់កម្លាំងច្រើន​គួរសម៕​​​