(ប៉េកាំង)៖ ក្រុមហ៊ុនយក្សចិន Huawei បានក្លាយ​ជាអ្នកទិញបន្ទះឈីប (Chip) ធំបំផុត​លំដាប់លេខបី​នៅលើពិភពលោក បន្ទាប់ពី​ក្រុមហ៊ុន Samsung ដែលឈរលេខ ១ និង Apple ឈរនៅលេខ ២។ នេះបើតាម​ការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មានចិនស៊ីនហួរ នារសៀលថ្ងៃពុធ ទី១៣ ខែកុម្ភៈ ឆ្នាំ២០១៩។

បើតាមតួលេខ​ដែលទើបត្រូវបាន​បញ្ចេញ ក្រុមហ៊ុន Huawei បានចំណាយ​រហូតដល់ ២១ពាន់លានដុល្លារ ដើម្បីទិញបន្ទះឈីប​កាលពីឆ្នាំ២០១៨ ដែលវាឈរនៅលេខរៀងទី ៣ ស្មើនឹង ៤.៤ភាគរយ​នៃទីផ្សារបន្ទះឈីបសកល។ ដោយសារតែឆ្នាំមុន​នេះ Huawei បានបង្កើន​ការទិញឈីប​រហូតដល់ ៤៥.២ភាគរយ​លើស​ឆ្នាំ២០១៧ នោះទើប​ក្រុមហ៊ុនចិននេះ អាចលោត​រំលង Dell និង Lenovo ឡើងមកឈរលេខ ៣ តែម្តង។

ក្រៅពី Huawei ក្រុមហ៊ុនចិន​មួយចំនួនទៀត​ដូចជា Xiaomi, BBK Electronic និង Lenovo គឺស្ថិតនៅក្នុង​​កំពូលលេខរៀងទាំង ១០ ដែល​បានទិញបន្ទះឈីប​ច្រើនបំផុត​នៅលើសកលលោក​កាលពីឆ្នាំ២០១៨ ហើយ​ចំណែក​ទីផ្សារបន្ទះឈីបនៃក្រុមហ៊ុន​ទាំងនេះ​បាន​លោត​ដល់ ៤០.២ភាគរយនៅឆ្នាំ២០១៨ ធៀបនឹង ៣៩.៤ភាគរយ​កាលពីឆ្នាំ២០១៧។

គួរបញ្ជាក់ថា ក្រៅពីការ​​ចំណាយលើការទិញបន្ទះ​ឈីប​យ៉ាងច្រើននោះ នៅក្នុង​ឆ្នាំ២០១៨ Huawei បាន​លក់​កើបលុយ​មកវិញនូវស្មាតហ្វូន​រហូតដល់ ៣០លានគ្រឿង​នៅ​ប្រទេសចិនតែមួយប៉ុណ្ណោះ​​ (កើនលើសឆ្នាំ២០១៧ ២៣.៣ភាគរយ) ដោយ​ឈរនៅលេខ​រៀងទី ១ ស្មើនឹង​​ចំណែក​ទីផ្សារ ២៩ភាគរយ ខណៈក្រុមហ៊ុន Oppo ឈរនៅ​លេខ ២ លក់បាន ២០.៣លានគ្រឿងជាមួយចំណែក​​ទីផ្សារ ១៩.៦ភាគរយ និង Vivo លេខរៀងទី ៣ មានចំណែក​ទីផ្សារ ១៨.៨ភាគរយ។ ដោយឡែក iPhone របស់ Apple បានធ្លាក់​​ចំណែក​ទីផ្សារ​មកនៅត្រឹម ១១.៥ប៉ុណ្ណោះ​នៅក្នុងប្រទេសចិន៕