(ហ្សាការតា)៖ អង្គភាពប៉ូលិស​ឥណ្ឌូណេស៊ី បានចេញមុខ​សូមអភ័យទោសជា​សាធារណៈ​ហើយសន្យាថា នឹងបង្កើនការរឹត​បន្តឹង​វិន័យ បន្ទាប់ពីមានការបង្ហោះវីដេអូ​លើ​បណ្តាញ​អ៊ីនធើណែត​ បង្ហាញពីសកម្មភាព​ក្រុមមន្រ្តីប៉ូលិស​ឥណ្ឌូណេស៊ី ប្រើប្រាស់​សត្វ​ពស់​ទៅបន្លាច​ក៏ដូចជាគំរាមធ្វើបាប​ជនសង្ស័យ​ម្នាក់​ ដើម្បីឲ្យ​ជននោះ​ព្រមផ្តល់​ចម្លើយ​សារភាព។ នេះ​បើ​តាម​ការ​ដកស្រង់​ការ​ផ្សាយ​ចេញពីសារព័ត៌មាន BBC នៅព្រឹកថ្ងៃអង្គារ ទី១២ ខែកុម្ភៈ ឆ្នាំ២០១៩។

ហេតុការណ៍​ខាងលើបានកើតឡើង​នៅខេត្ត Papua ភាគខាងកើតប្រទេស​ឥណ្ឌូណេស៊ី។ ឃ្លីបវីដេអូមួយ​ដែលត្រូវបាន​គេ​ចែក​ចាយ​ព្រោងព្រាត តាម​អនឡាញ​បានបង្ហាញឲ្យឃើញ​ពីបុរសម្នាក់ជា​ជនសង្ស័យ ស្ថិតក្រោមការសួរ​ចម្លើយ​ជុំវិញ​ករណីលួច​ទូរស័ព្ទដៃ ដោយអង្គុយនៅលើ​ឥដ្ឋជាមួយដៃទាំងពីរ​ត្រូវគេចងនៅខាងក្រោយ ហើយស្រែកផង និងបិទភ្នែកផង ខណៈ​ដែល​មន្រ្តី​​ប៉ូលិស​ម្នាក់​កាន់ក្បាលសត្វពស់​ដែលព័ទ្ធលើខ្លួនជន​សង្ស័យ ទៅជ្រលរដាក់​មុខជននោះ។

មេបញ្ជាការប៉ូលិស​ប្រចាំតំបន់ ហ្សាយ៉ាវ៉ាហ្សាយ៉ា (Jayawijaya) លោក ថូននី ស្វាដាយ៉ា (Tonny Ananda Swadaya) បានចេញមុខសូមទោស​ចំពោះសហគមន៍​​នៅ​ខេត្ត ប៉ាពួ (Papua) ជុំវិញទង្វើគ្មានវិជ្ជាជីវៈរបស់ក្រុមមន្រ្តី​ប៉ូលិសខាងលើ ដែលពួកគេ​បានសម្រេច​ជ្រើសរើស​​​​មធ្យោបាយ​​​ដោយខ្លួន​ពួកគេផ្ទាល់ ដើម្បីព្យាយាម​ឲ្យជនសង្ស័យផ្តល់​ចម្លើយសារភាព ប៉ុន្តែលោក​បានអះអាងថា សត្វពស់នោះ​គ្មានពិសឡើយ​ និង​ត្រូវគេបង្វឹករួចទៅ​ហើយ។

មេប៉ូលិសឥណ្ឌូណេស៊ីរូបនេះ បានសន្យាថា​នឹងបង្កើនការរឹតបន្តឹងវិន័យ និងបានបញ្ជាក់ថា ករណីនេះកំពុងស្ថិត​ក្រោមការ​​ស៊ើប​អង្កេត ដោយអង្គភាពកិច្ចការផ្ទៃក្នុង ហើយ​បើរកឃើញមានការ​បំពានច្បាប់ ឬក៏ក្រមសីលធម៌នោះ ចំណាត់ការដ៏សាកសមនឹង​ត្រូវដាក់ចេញ។

គួរជម្រាបថា មានការ​អះអាងថា ករណី​មន្រ្តីប៉ូលិ​​ឥណ្ឌូណេស៊ីប្រើសត្វពស់​ទៅបន្លាចធ្វើបាប​ជនសង្ស័យ ​និងករណី​រំលោភ​​សិទ្ធិ​មនុស្ស​ផ្សេងៗទៀត​ តែងកើតមាន​ជារឿយៗនៅក្នុងខេត្ត Papua ជាទីដែលមាន​ចលនាប៉ុនប៉ងបំណែករដ្ឋ ចេញ​ពីប្រទេស​ឥណ្ឌូណេស៊ី។ ខេត្ត Papua ដែលសម្បូរដោយ​ធនធានជាប់ប្រទេស​ប៉ាពូញូហ្គីណេនេះ បានក្លាយជា​ផ្នែកមួយនៃឥណ្ឌូណេស៊ី​​កាលពីឆ្នាំ១៩៦៩ តាមរយៈការធ្វើ​ប្រជាមតិមួយ​ ដែលគាំទ្រដោយ​អង្គការ​សហប្រជាជាតិ៕