(តេហេរ៉ង់)៖ មេបញ្ជាការម្នាក់នៃកងឆ្មាំការពារជាតិនៃប្រទេសអ៊ីរ៉ង់ (IRGC) ​នាថ្ងៃចន្ទនេះបានប្រកាសថា ទីក្រុងតេហេរ៉ង់នឹងកម្ទេច​ទីក្រុង​តែល​អាវីវ (Tel Aviv) និងហៃវ៉ា (Haifa) របស់ប្រទេសអ៊ីស្រាអែលឲ្យទៅជាផេះតែម្តង បើសិនសហរដ្ឋអាមេរិកហ៊ាន​បើក​ការ​វាយ​ប្រហារ​​មក​លើ​​​​អ៊ីរ៉ង់។ នេះបើតាមការដកស្រង់ការផ្សាយចេញពីសារព័ត៌មានរុស្ស៊ី Sputnik នៅយប់ថ្ងៃចន្ទ ទី១១ ខែកុម្ភៈ ឆ្នាំ២០១៩។

ការព្រមានខាងលើត្រូវបានធ្វើឡើង ក្នុងឱកាសដែលប្រជាជនអ៊ីរ៉ង់រាប់សែននាក់ បានប្រមូលផ្តុំគ្នានៅទូទាំងផ្ទៃប្រទេស ដើម្បីអបអរ​​ខួប​៤០ឆ្នាំនៃជ័យជម្នះបដិវត្តន៍អ៊ីស្លាម ដែលបានប្រែក្លាយប្រទេសអ៊ីរ៉ង់ពីរបបរាជានិយម មកជាសាធារណរដ្ឋអ៊ីស្លាមដូចសព្វថ្ងៃ។ ​មេទ័ព IRGC លោក Yadollah Javani បាននិយាយដូច្នេះថា «អាមេរិកមិនហ៊ាន​បាញ់សូម្បីតែមួយគ្រាប់សំដៅមកយើង ទោះបីជាពួកគេមាន​សព្វាវុធនិងប្រព័ន្ធការពារទំនើបៗក៏ដោយ តែក្នុងករណីដែលពួកគេវាយប្រហារលើយើង ពួកយើងធានាថានឹងកម្ទេចក្រុង Tel Aviv និង Haifa ឲ្យទៅជាផេះ»

គួរជម្រាបថា កាលពីខែមករាកន្លងទៅ យោធាអ៊ីរ៉ង់ក៏ធ្លាប់បានព្រមានលុប​ប្រទេសអ៊ីស្រាអែល​ទាំង​មូល​ចេញ​ពី​ផែនទីពិភពលោកផង​ដែរ ​បន្ទាប់ពីអ៊ីស្រាអែលបានបើកការវាយប្រហារតាមផ្លូវអាកាស ទៅលើមូលដ្ឋានទ័ពអ៊ីរ៉ង់ជាច្រើនកន្លែង នៅក្នុងប្រទេសស៊ីរី៕