(កង់បេរ៉ា)៖ រដ្ឋាភិបាលអូស្រ្តាលី និង​ក្រុមហ៊ុនបារាំង​ បានព្រមព្រៀងគ្នាចុះ​ហត្ថលេខាលើ​កិច្ចសន្យាសំខាន់មួយខ្ទង់​រាប់សិបពាន់​លាន​ដុល្លារ ដែល​ស្តីពីកម្មវិធី​​អភិវឌ្ឍន៍​នាវាមុជទឹកនាពេលអនាគត​​​របស់ប្រទេស​អូស្រ្តាលី។ នេះបើតាម​ការដកស្រង់​ការ​ផ្សាយ​ចេញ​ពី​​​ទីភ្នាក់​ងារព័ត៌មាន​ចិន ស៊ីនហួរ នៅរសៀល​ថ្ងៃចន្ទ ទី១១ ខែកុម្ភៈ ឆ្នាំ២០១៩។

កិច្ចសន្យាខាងលើ​ដែលមានតម្លៃ ៥០ពាន់លានដុល្លារអូស្រ្តាលី ឬស្មើនឹង ៣៥.៥ពាន់លានដុល្លារអាមេរិក នឹង​តម្រូវឲ្យ​ក្រុមហ៊ុន​ផលិតនាវារបស់​ប្រទេសបារាំង Naval Group ធ្វើការរចនា​ក៏ដូចជាផលិត​នាវាមុជទឹកប្រភេទ​ប្រយុទ្ធថ្មីចំនួន ១២គ្រឿង សម្រាប់កងទ័ព​ជើង​ទឹក​​របស់អូស្រ្តាលី ហើយនាវាមុជទឹកគ្រឿងដំបូងត្រូវគេរំពឹងថា នឹងអាចធ្វើប្រតិបត្តិការ​បានឆាប់បំផុត​នៅ​ឆ្នាំ២០៣៤។

គួរជម្រាបថា ​ជាមួយគ្នានេះ​ក្រុមហ៊ុន​អាមេរិក Lockheed Martin ដែលឈានមុខ​ខាងផលិតសព្វាវុធឲ្យ​យោធានោះ ត្រូវ​បាន​ជ្រើសរើស​ឲ្យរចនា និងបំពាក់​ប្រព័ន្ធសព្វាវុធ​ឲ្យ​​ក្រុមនាវាមុជទឹក​ថ្មីរបស់អូស្រ្តាលី។ អូស្ត្រាលីគឺ​ជាប្រទេសដីកោះធំ​បំផុតនៅលើ​ពិភពលោក ដូច្នេះ​ការ​ពង្រឹងកងទ័ពជើង​ទឹករបស់ខ្លួន គឺជារឿងចាំបាច់បំផុតដែលត្រូវធ្វើមុនគេ៕