(ហ្សាការតា)៖ ទីភ្នាក់ងារឃ្លាំ​មើលសកម្មភាពភ្នំភ្លើង​​​នៃប្រទេសឥណ្ឌូណេស៊ី នាថ្ងៃចន្ទនេះ​បានសេចក្តីណែនាំ​ឲ្យ​អ្នកភូមិ​ប្រហែល​​ជាង ១,០០០នាក់ ដែលរស់នៅ​គ្រោះថ្នាក់ជុំវិញ​ភ្នំភ្លើង ការាំងហ្គេតាំង (Karangetang) ដែលស្ថិតនៅ​ខេត្តស៊ូឡាវេស៊ីខាងជើង ជម្លៀសខ្លួន​ចេញ​ពីទីនោះ​ជាបន្ទាន់ ខណៈដែលវា​កំពុងតែផ្ទុះបញ្ចេញ​កម្អែរ​ផេះ និងភ្លើងយ៉ាងសម្បើម។ នេះបើតាម​ការដកស្រង់ការ​ផ្សាយចេញពី​ទីភ្នាក់​ងារ​​​ព័ត៌​មានចិន ស៊ីនហួរ នៅរសៀល​ថ្ងៃចន្ទ ទី១១ ខែកុម្ភៈ ឆ្នាំ២០១៩។

អាជ្ញាធរឥណ្ឌូណេស៊ី​បានឲ្យដឹងថា អ្នករស់នៅភូមិចំនួន ០៣ ដែលនៅ​ក្នុងគម្លាត ០២ ទៅ ២.៥គីឡូម៉ែត្រពី​មាត់ភ្នំភ្លើង Karangetang ត្រូវ​បាន​ណែនាំឲ្យ​ជម្លៀសមនុស្ស​ដែលអាចមានចំនួនចន្លោះពី ១,០០០នាក់ ទៅ ១,៥០០នាក់ ចេញទៅ​កាន់តំបន់​ដែលមាន​សុវត្ថិ​ភាព​ពី​​ការ​​គំរាម​កំហែងនៃ​​កម្អែរ​ភ្លើង ​និងផេះ​ដ៏ក្តៅ​គគុក។

គួរជម្រាបថា លើសពីនេះ​ទីភ្នាក់ងារឃ្លាំមើល​សកម្មភាពភ្នំភ្លើង​​​ឥណ្ឌូណេស៊ី ក៏បានហាមមិន​ឲ្យមនុស្សម្នា ចូល​ទៅក្បែរ​ៗ​​តំបន់​​​ក្បែរភ្នំភ្លើង​ខាងលើផងដែរ។ ភ្នំភ្លើង Karangetang ស្ថិតក្នុងចំណោម​ភ្នំភ្លើង​សកម្មចំនួន ១២៩ នៅទូទាំង​ប្រទេសឥណ្ឌូណេស៊ី​៕