(ម៉ាឌ្រីដ)៖ មនុស្សរាប់ម៉ឺននាក់នៅថ្ងៃអាទិត្យ​ បាននាំគ្នាចេញធ្វើ​បាតុកម្មនៅកណ្តាលរដ្ឋធានីម៉ាឌ្រី​ដ ក្រោមគោលដៅទាមទារ​ឲ្យ​​នាយករដ្ឋមន្រ្តីអេស៉្បាញ លោក Perdo Sanchez លាលែងពីតំណែង ហើយ​​រៀបចំការបោះឆ្នោតសកលសាជាថ្មី។ នេះបើតាម​ការដកស្រង់ការផ្សាយចេញពីទីភ្នាក់ងារព័ត៌មានចិន ស៊ីនហួរ នៅព្រឹកថ្ងៃចន្ទ ទី១១ ខែកុម្ភៈ ឆ្នាំ២០១៩។

​បើតាមការគណនារបស់រដ្ឋាភិបាលអេស៉្បាញ មនុស្ស​ចំនួន៤៥,០០០នាក់ បានចូលរួមក្នុងក្បួនបាតុកម្មខាងលើ ខណៈ​ក្រុម​អ្នក​រៀបចំសកម្មភាពតវ៉ាទ្រង់ទ្រាយធំនេះ គឺបក្សស្តាំនិយម PP (People's Pary) និងបក្ស Ciudadanos បានអះអាងថា តួលេខ​​នៃ​​អ្នកចូលរួមគឺប្រមាណ២០០,០០០នាក់ឯណោះ។ ក្រៅពីនេះ ក៏មានវត្តមានរបស់គណបក្សនិងអង្គការ​​​ស្តាំនិយមជ្រុល​ជាច្រើន​ផ្សេងទៀតផងដែរ។

​គួរជម្រាបថា ក្នុងអំឡុងការធ្វើបាតុកម្មក្រុមអ្នកតវ៉ាបានរិះគន់​លើ​រដ្ឋាភិបាល​របស់លោក Sanchez ដែលមានបំណងចរចាកិច្ច​​ព្រម​​ព្រៀង​​ជាមួយ​​ក្រុម​ចង់បំបែករដ្ឋនៃតំបន់កាតាឡូនី (Catalonia) ដោយ​ពួកគេបានបញ្ជាក់ថា ភាពរួបរួមជាតិមិនអាចយកទៅ​ចរចា​បាន​ឡើយ ហើយ​ប្រជាជនអេស៉្បាញមិនអាចទទួលយកដាច់ខាត ចំពោះអំពើក្បត់ឬ​ការ​ផ្តល់សម្ប​ទាន​ដទៃ​ទៀតនោះ​ទេ​៕