(សិង្ហបុរី)៖ ផ្សែងនិង​ក្លិនឆ្ងៀមក្នុងខ្យល់ដែលកំពុងបង្កការងឿងឆ្ងល់នៅ ជុំវិញតំបន់ភាគខាងកើត​ប្រទេសសិង្ហបុរីនោះ តាម​ពិត​បណ្តាល​​មកពី​ភ្លើងឆេះនៅកន្លែងចាក់សំរាមមួយកន្លែងក្នុងរដ្ឋ Johor នៃប្រទេសម៉ាឡេស៊ី ដែលនៅជាប់សិង្ហបុរី។ នេះ​បើ​តាម​ការ​បញ្ជាក់​ពីអាជ្ញាធរ​បរិស្ថាន​​របស់សិង្ហបុរី ដកស្រង់សម្តីដោយសារព័ត៌មាន Channel News Asia នៅរសៀលថ្ងៃសៅរ៍ ទី០៩ ខែកុម្ភៈ ឆ្នាំ២០១៩។

ទីភ្នាក់ងារបរិស្ថានជាតិសិង្ហបុរី (NEA) បានឲ្យដឹងនាថ្ងៃសៅរ៍នេះថា អគ្គីភ័យក្នុងទីលានចោលគំនរ​សំរាមមួយកន្លែង​នៅ​​​​ក្រុង Bendar Tenggara ភាគអាគ្នេយ៍រដ្ឋ Johor បានបន្តឆេះចាប់តាំងពីតែថ្ងៃអង្គារមកម្ល៉េះ ខណៈពេលនេះអាជ្ញាធរម៉ាឡេស៊ី​កំពុង​តែ​​ប្រឹងប្រែងយ៉ាងសកម្មដើម្បីពន្លត់វា។

គួរជម្រាបថា ប្រជាជនដែលរស់នៅតាមភាគខាងកើតនៃប្រទេសសិង្ហបុរី បានរាយការណ៍​ពីក្លិនផ្សែងចម្លែកមួយ នៅ​ក្នុង​ខ្យល់​​អាកាស កាលពីព្រលឹមថ្ងៃសុក្រ ជាមួយការសង្ស័យនៅលើបណ្តាញទំនាក់ទំនងសង្គមថា តើ​វា​បង្ក​ឡើង​ដោយ​ការ​ផ្សែង​ឬ​ធូលី​​ដែល​បោកមកពីប្រទេសដទៃឬយ៉ាងណា ព្រោះថាពុំមានការប្រទះឃើញប្រភពក្លិនផ្សែង​នៅក្នុងតំបន់ឡើយ​៕