(ញូដេលី)៖ រដ្ឋាភិបាលឥណ្ឌានាថ្ងៃអាទិត្យនេះ បានប្រកាសផ្តល់សំណងជាទឹកប្រាក់ដល់ជនរងគ្រោះទាំងឡាយ នៅក្នុង​ករណី​គ្រោះថ្នាក់រថភ្លើងធ្លាក់ចេញពីផ្លូវ នៅរដ្ឋ Bihar ភាគខាងកើត​ប្រទេសឥណ្ឌា។ នេះបើតាមការដកស្រង់ការផ្សាយចេញពី​ទីភ្នាក់​ងារព័ត៌មានចិន ស៊ីនហួរ នៅរសៀលថ្ងៃអាទិត្យ ទី០៣ ខែកុម្ភៈ ឆ្នាំ២០១៩។

ហេតុការណ៍ខាងលើបានបណ្តាលឲ្យមនុស្ស០៦នាក់ស្លាប់ និងរបួស​១១នាក់ ក្នុងនោះធ្ងន់០៤នាក់ និងស្រាល០៧នាក់ ខណៈ​​ពីដំបូងឡើយមានសេចក្តីរាយការណ៍ថា អ្នកទទួលរងរបួសមានដល់២៤នាក់។ រដ្ឋាភិបាលឥណ្ឌា​បានប្រកាសផ្តល់​សំណងជា​ថវិកា​សម្រាប់អ្នកដែលបានបាត់បង់ជិវិតក្នុងម្នាក់ចំនួន៧,១៤២ដុល្លារអាមេរិក សម្រាប់អ្នករបួសធ្ងន់ក្នុងម្នាក់​១,៤២៨ដុល្លារ និង​សម្រាប់អ្នករបួស​ស្រាលក្នុងម្នាក់​៧១៤ដុល្លារ។

ម៉្យាងវិញទៀត អ្នកនាំពាក្យក្រសួងអយស្ម័យយានឥណ្ឌាបានឲ្យដឹងថា ​រាល់ថ្លៃចំណាយព្យាបាលទាំងអស់​លើអ្នកដែល​​ទទួល​រងរបួសក្នុងគ្រោះថ្នាក់នេះនឹងត្រូវរ៉ាប់រងទូទាត់ដោយក្រសួងផ្ទាល់។

គួរជម្រាបថា រថភ្លើងខាងលើ ដែលមានគោលដៅចេញពីស្ថានីយ Jogbani នៃរដ្ឋ Bihar ឆ្ពោះមកកាន់ស្ថានីយ Anand Vihar ក្នុងតំបន់ Delhi នៃទីក្រុងញូដេលី បានក្រឡាច់ធ្លាក់ចេញពីផ្លូវ នៅពេលអ្នកបញ្ជារថភ្លើង​ព្យាយាមផ្លាស់ប្តូរ​​ខ្សែផ្លូវធ្វើដំណើរ៕