(យ៉ាងហ្គន)៖​ មេធាវីការពារក្ដី​ឱ្យអ្នក​សារព័ត៌មាន Reuters ០២នាក់​ដែលត្រូវបាន​ផ្ដន្ទាទោសដាក់ពន្ធនាគា​រម្នាក់ៗ ០៧ឆ្នាំ នៅក្នុងប្រទេស​មីយ៉ាន់ម៉ា បានដាក់ប្ដឹងឧទ្ធរណ៍​នៅថ្ងៃសុក្រនេះ ទៅកាន់តុលាការ​កំពូលប្រឆំាងនឹងសាលក្រម​សម្រេច​នេះ។ នេះបើតាម​ការចេញ ផ្សាយដោយ​សារព័ត៌មាន Channel News Asia នៅរសៀលថ្ងៃសុក្រ ទី០១ ខែកុម្ភៈ​ ឆ្នាំ២០១៩។

យោងតាមពាក្យបណ្ដឹង​ឧទ្ធរណ៍នេះ ប៉ូលិសមីយ៉ាន់ម៉ា​គ្មានភស្ដុងតាម​គ្រប់គ្រាន់​បញ្ជាក់ថា អ្នកសារព័ត៌មាន​ទាំង ០២នាក់ មានទោស​ដូចការចោទប្រកាន់​ ពីបទរំលោភលើ​ច្បាប់កិច្ចការសំងាត់ជាតិ​ឡើយ។ ពាក្យ​បណ្ដឹងដដែល​បានឱ្យដឹង​យ៉ាងដូច្នេះថា «ពាក្យបណ្ដឹងរបស់យើងបាន​​ស្នើឱ្យ​តុលាការ​កំពូល​ផ្ដល់យុត្តិធម៌ឡើងវិញ​ឱ្យលោក វ៉ា ឡូណេ (Wa Lone) និងលោក ក្យរ សឿអុ (Kyaw Soe Oo) ហើយបញ្ជាក់​ពីកំហុសនៃ​ការកាត់​ទោស​ដោយ​តុលាការជាន់ទាប ក៏ដូចជាដោះលែង​អ្នកសារព័ត៌មាន​របស់យើង​ជាបន្ទាន់»។

គួរជម្រាបថា លោក Wa Lone មានអាយុ ៣២ឆ្នាំ និងលោក Kyaw Soe Oo មានអាយុ ២៨ឆ្នាំ ត្រូវបានតុលាការ​ជាន់ទាប​​មីយ៉ាន់ម៉ា ផ្តន្ទាទោស​ដាក់ពន្ធនាគារម្នាក់ៗ ០៧ឆ្នាំកាលពីខែកញ្ញា ឆ្នាំ២០១៨ រំលោភលើច្បាប់​កិច្ចការសំងាត់ជាតិ ជុំវិញការស៊ើប​អង្កេតរបស់ពួកគេ​លើ ការសម្លាប់រង្គាល​ជនជាតិដើមភាគតិច​រ៉ូហ៊ីងយ៉ា នៅក្នុងរដ្ឋ Rakhine។ ការសម្រេច​ចិត្តនេះទទួល​រងការរិះគន់ និងថ្កោលទោស​យ៉ាងខាំ្លងពី​សំណាក់​អន្តរជាតិ ដែលកំពុងមើល​ឃើញពីភាពយឺតយ៉ាវ​ ក្នុងដំណើរការឆ្ពោះ​ទៅរកលិទ្ធិ​ប្រជាធិបតេយ្យ៕