(វ៉ាស៊ីនតោន)៖ អ្នកនាំពាក្យ​សេតវិមានបាន​ឲ្យដឹងថា​ ប្រធានាធិបតី​អាមេរិក​លោក ដូណាល់ ត្រាំ​ នឹងទទួលជួប​ពិភាក្សាជាមួយ​ឧបនាយករដ្ឋ​មន្រ្តីចិន លោក លីវ ហេ (Liu He) ជុំវិញបញ្ហា​ពាណិជ្ជកម្ម​នាថ្ងៃព្រហស្បតិ៍​​សប្តាហ៍នេះ ខណៈ​មន្រ្តី​រដ្ឋា​ភិ​បាល​​ចិន​មួយ​ក្រុម​​ក៏​នឹង​មក​​​​​បំពេញទស្សនកិច្ច​នៅទីក្រុងវ៉ាស៊ីនតោន​រយៈពេល ០២ថ្ងៃផងដែរ ដើម្បី​ពិភាក្សា​ជាមួយរដ្ឋបាល​​លោក ត្រាំ នៅ​ថ្ងៃ​ពុធ​និង​ព្រហស្បតិ៍​ជុំវិញ​ទំនាក់ទំនង​ពាណិជ្ជ​កម្ម​។ នេះបើតាមការដកស្រង់ការ​ផ្សាយ​ចេញសារព័ត៌មានរុស្ស៊ី Sputnik នៅព្រឹកថ្ងៃអង្គារ ទី២៩ ខែមករា ឆ្នាំ២០១៩។

​បើតាម​អ្នកនាំពាក្យសេតវិមានលោកស្រី សារ៉ាហ៍ សេនដឺស៍ (Sarah Sanders) ប្រតិភូតំណាងរដ្ឋាភិបាល​អាមេរិក នឹងត្រូវដឹកនាំដោយ​​​អ្នកតំណាង​ពាណិជ្ជកម្ម (USTR) លោក រ៉ូប៊ឺត ឡៃធីសឺរ (Robert Lighthizer) ហើយរួមជាមួយ​រដ្ឋមន្រ្តី​ហិរញ្ញវត្ថុ លោក ស្ទេវិន ម៉ានូជីន (Steven Mnuchin), រដ្ឋមន្រ្តីសេដ្ឋកិច្ច លោក វីលប៊ឺ រ៉ូសស៍ (Wilbur Ross), ទីប្រឹក្សា​គោល​នយោបាយសេដ្ឋកិច្ចរបស់ លោក ត្រាំ គឺលោក គារី ឃូដឡូវ (Larry Kudlow) ព្រមទាំងទីប្រឹក្សា​គោលនយោបាយពាណិជ្ជកម្ម និងផលិតកម្ម​​របស់​លោក ត្រាំ គឺលោក ភីធើ ណាវ៉ារ៉ូ (Peter Navarro)។

គួរជម្រាបថា ជំនួបទាំងនេះ​គឺជាផ្នែកមួយនៃ​កិច្ចព្រមព្រៀង​​គ្នា​​ដែលសម្រេចបាន​ដោយ​​លោក ត្រាំ និង​ប្រធានាធិបតីចិន​លោក ស៊ី ជិនពីង នៅទីក្រុង ប៊ុយណូស អ៊ែរែស (Buenos Aires) ប្រទេសអាហ្សង់ទីន កាលពីថ្ងៃទី០១ ខែធ្នូ ឆ្នាំ២០១៨ ដើម្បី​ចូលមក​ចរចាគ្នារយៈ​ ៩០ថ្ងៃ ​ក្រោមគោលដៅ​​បញ្ចប់សង្រ្គាមពាណិជ្ជកម្ម​ដ៏តានតឹង រវាងមហាអំណាចសេដ្ឋកិច្ច​ទាំងពីរ៕