(តូក្យូ)៖ សំណើជាថ្មី​ទៀតក្នុងការសុំធានា​ឲ្យអតីតនាយក​ក្រុមហ៊ុន Nissan ឲ្យនៅក្រៅ​ឃុំ​នោះ ត្រូវបានតុលាការ​សង្កាត់​នៃទីក្រុងតូក្យូបដិសេធហើយ ក្រោយពី​​សហប្រធាន​​រូបនេះ​ត្រូវបាន​ចាប់ឃុំខ្លួន​កាលពីខែវិច្ឆិកា ឆ្នាំ២០១៨ ក្រោម​បទចោទ​​ប្រកាន់រឿង​កឹបកេង​​ និងក្លែងបន្លំហិរញ្ញ​វត្ថុ​ក្រុមហ៊ុន​យក្សជប៉ុន​មួយនេះ ចាប់តាំងពីឆ្នាំ២០០៨ មកម្ល៉េះ។ នេះបើតាម​ការចេញផ្សាយ​ដោយទីភ្នាក់ងារព័ត៌មានចិន ស៊ីនហួរ នាល្ងាច​ថ្ងៃអង្គារ ទី២២ ខែមករា ឆ្នាំ២០១៩។

លោក ខាឡូស ហ្គោសន៍ (Carlos Ghosn) កន្លងមក​​តាមរយៈ​ក្រុមមេធាវី​ការពារ​ក្តី​របស់លោក បានធ្វើការច្រានចោល​រាល់ការចោទប្រកាន់​ទាំងអស់ ដែលត្រូវបា​​នធ្វើ​ឡើង​ដោយ​តុលាការ។ បន្ថែមពីនេះ​នៅក្នុងសំណើសុំនៅ​ក្រៅឃុំនោះ លោក Ghosn បានយល់​ព្រមគ្រប់​យ៉ាងចំពោះចំណាត់ការ​ដោយសមត្ថកិច្ច ដូចជាការបំពាក់​ឧបករណ៍​តាមដានរូបលោក និង​ការអង្កេតកន្លែងដែល​លោកស្នាក់​នៅជានិច្ច ប៉ុន្តែ​ទោះបី​ជាបែបនេះក្តី ក៏តុលាការ​​ជប៉ុន​មិន​យប់ព្រម​ឲ្យលោកស្ថិតនៅ​ក្រៅឃុំ​នោះដែរ។

គួរបញ្ជាក់ថា បើតាមប្រភព​​មួយដែលស្និទ្ធនឹង​លោក Ghosn ប្រសិនបើលោក​​មិនត្រូវ​បាន​អនុញ្ញាតឲ្យ​ត្រឡប់ទៅ​កាន់ប្រទេស​បារាំង​វិញទេនោះ លោកនឹងទទួល​យក​ការឃុំឃាំង​នៅក្នុងស្ថានទូត​បារាំងប្រចាំ​ទីក្រុងតូក្យូ។ លោក Ghosn អាយុ ៦៤ឆ្នាំ បានស្ថិត​នៅក្នុង​ការឃុំខ្លួន​ឈានចូលដល់ខែទីបី​ហើយ ដោយលោកកំពុងព្យាយាមយ៉ាងខ្លាំងក្នុង​ការ​ស្នើសុំ​នៅ​ក្រៅឃុំ ជាមួយនឹងការ​ធានាដាក់ប្រាក់តម្កល់យ៉ាងច្រើនសន្ធឹកសន្ធាប់៕