(តូក្យូ)៖ បញ្ហាហិរញ្ញវត្ថុ គឺជាកត្តាចម្បងនៃការពន្យារពេលរៀបការ​រវាងជនសាមញ្ញ​មួយរូប និងព្រះនាងម្ចាស់​ជប៉ុនមួយអង្គ ប៉ុន្តែ​គូដណ្ដឹង​ព្រះនាងម្ចាស់ជប៉ុន ម៉ាកុ (Mako) អង្គនេះគឺលោក កេអ៊ិ កូមួរុ (Kei Komuro) បានប្រកាស​ថា គ្រួសាររបស់លោក​បានដោះស្រាយវិបត្តិហិរញ្ញវត្ថុនោះ​​រួចរាល់អស់​ហើយ។ នេះបើតាម​ការចេញផ្សាយ​ដោយសារព័ត៌មាន Japan Times នៅរសៀលថ្ងៃអង្គារ ទី២២ ខែមករា ឆ្នាំ២០១៩។

លោក Komuro បានចេញផ្សាយ​សេចក្ដីប្រកាសមួយនៅ​ថ្ងៃអង្គារនេះ ដែលទំនងជាការឆ្លើយ​ទៅនឹងព្រះអង្គម្ចាស់ អាគីស៊ីណុ (Akishino) ជាព្រះបិតាព្រះនាងម្ចាស់ Mako ដែល​ធ្លាប់​បានលើក​ឡើងថា លោក Komuro និងគ្រួសារគួរតែ​ផ្ដល់ចម្លើយ​សមរម្យ និងជាក់លាក់ បើសិនជាចង់​ឱ្យការរៀប​អាពាហ៍ពិពាហ៍ ដំណើរការទៅមុខ​តាមការគ្រោង​ទុក។

តែយ៉ាងណាក៏ដោយ នៅក្នុងសេចក្ដីថ្លែងការណ៍ដដែល លោក Komuro វ័យ ២៧ឆ្នាំ បានបញ្ជាក់ថា គ្រួសាររបស់​លោកបានដោះស្រាយបញ្ហា​ហិរញ្ញវត្ថុរួចរាល់ ហើយបាន​សូមទោសសម្រាប់​ការបង្កភាពស្មុគស្មាញ​ ដោយមិនបាន​ពន្យល់ពី ស្ថានភាព​ជាក់ស្ដែង។ ចំណែកឯ​ព្រះនាងម្ចាស់ Mako ព្រះជន្ម ២៧វស្សាដូចគ្នា ក៏បានទទួល​ដំណឹងនេះដែរជាមួយ ការអះអាងថា អ្នកទំាងពីរនៅតែ​មានបំណងរៀបការ​នឹងគ្នា។

គួរបញ្ជាក់ថា លោក Kei Komuro និងព្រះនាង​ម្ចាស់ Mako បានប្រកាសពី​ការភ្ជាប់ពាក្យកាល​ពីខែកញ្ញា ឆ្នាំ២០១៧ ហើយបាន​និយាយថា មានគម្រោង​រៀបការនៅខែវិច្ឆិកា ឆ្នាំ២០១៨។ ប៉ុន្តែ​គម្រោងនេះត្រូវពន្យារពេល​រហូតដល់ឆ្នាំ ២០២០ បន្ទាប់ពីមាន​សេចក្ដីរាយការណ៍​ថា ម្ដាយរបស់លោក Komuro មានបញ្ហា​លុយកាក់ក្នុងនោះរួមមាន​ទាំងលុយជំពាក់​អតីតគូដណ្ដឹង​កូនប្រុសរបស់ខ្លួន​ផងដែរ។

ពោលគឺ​អតីតគូដណ្ដឹងបាន​និយាយថា ធ្លាប់ឱ្យម្ដាយ​លោក Komuro ខ្ចីលុយ០៤លានយ៉េននៅចន្លោះឆ្នាំ២០១០ ​និង២០១២ អំឡុងពេលអ្នក​ទាំងពីរនៅ​ជាគូដណ្ដឹងនឹងគ្នា។ តែក្រោយមក អ្នកទាំងពីរនេះ​បានផ្ដាច់ពាក្យ ទើបអតីតគូណ្ដឹង​បាន​ទាមទារ​ឱ្យ​ម្ដាយ​លោក Komuro សងលុយដែល​ធ្លាប់ខ្ចីត្រឡប់​មកវិញ បើទោះជាភាគ​ខាងប្រុសអះអាងថា លុយទាំងនេះ​ជា​អំណោយ​​ក៏ដោយ៕