(ពិភពលោក)៖ នៅថ្ងៃចន្ទ ទី២១ ខែមករា ឆ្នាំ២០១៩នេះ ព្រឹត្តិការណ៍អន្តរជាតិសំខាន់ៗ ជាច្រើនបានកើតឡើង រួមមានទាំង ព្រឹត្តិការណ៍នយោបាយ និងស្ថានការណ៍ទូទាំងសកលលោកដ៏គួរឲ្យចាប់អារម្មណ៍ជាច្រើន។ ដូច្នេះបើចង់ដឹងថាតើព្រឹត្តិការណ៍ រូបភាពប្រចាំថ្ងៃនេះមានអ្វីខ្លះនោះសូមទស្សនាដូចខាងក្រោម៖

១៖ យោធារុស្ស៊ីបានអះអាងនៅថ្ងៃចន្ទនេះថា ប្រព័ន្ធមីស៊ីលការពារដែនអាកាសស៊ីរីបានស្ទាក់ចាប់ និងបំផ្លាញមីស៊ីល៣០គ្រាប់នៅក្នុងការ​ឆ្លើយតបទៅនឹងការប្រហារតាមផ្លូវអាកាសរបស់យោធាអ៊ីស្រាអែល។ ប៉ុន្តែ​ព្រមពេលជាមួយគ្នា​ទីក្រុងម៉ូស្គូបានទទួលស្គាល់ថា​កងទ័ពស៊ីរី៤​នាក់ បាន​បាត់បង់ជីវិត៕

២៖ យោធាប្រទេសរុស្ស៊ីបានប្រកាសឲ្យដឹងនាថ្ងៃចន្ទនេះថា ក្រុមនាវាចម្បាំងនៃអង្គភាពទ័ពជើងទឹករបស់ខ្លួន​ប្រចាំ​នៅឯ​​សមុទ្របាល់ទិក បាន​និងកំពុងតែតាមឃ្លាំមើល​នាវាពិឃាតអាមេរិកចំនួនពីរគ្រឿងនៅក្នុងតំបន់នេះ៕

៣៖ ​ប្រធានាធិបតីឡាវ លោក Bounnhang Vorachit បានអំពាវនាវដល់កង​ទ័ព​ឡាវឲ្យប្រឹងប្រែងបង្កើនសមត្ថភាព និង​ត្រៀមលក្ខណៈ​ដើម្បីបំពេញកាតព្វកិច្ច​របស់ខ្លួន ក្នុងការថែរក្សាការពារឯករាជ្យជាតិ អធិបតេយ្យភាព និងបូរណភាពទឹកដី​នៃ​ប្រទេសឡាវ៕

៤៖ ​នាយករដ្ឋ​មន្រ្តីជប៉ុន​លោក ស៊ីនហ្សូ អាបេ បាននិងកំពុង​ពិចារណាចុះសន្ធិសញ្ញា​សន្តិភាព​ជាមួយប្រទេស​រុស្ស៊ី ប្រសិន​បើ​ទីក្រុងម៉ូស្គូ​យល់ព្រមប្រគល់​កោះ​ចំនួន០២ នៃទីប្រជុំកោះឃើរៀល (Kuril Islands) ឲ្យមកខ្លួនវិញ ខណៈ​ប៉ុន្មាន​​ថ្ងៃមុននេះ រុស្ស៊ី​ធ្លាប់បង្ហើប​ប្រាប់ទីក្រុងតូក្យូថាទីក្រុងម៉ូស្គូចង់​បានប្រជុំកោះ Kuril ទាំងអស់៕

៥៖ កិច្ចខិតខំប្រឹងប្រែង​អស់រយៈពេលរាប់​ទសវត្សរ៍ ដើម្បីបិទ​បញ្ចប់អំពើហិង្សា​ដែលបានផ្ដាច់ជីវិត​មនុស្សជាង ១៥០,០០០នាក់ នៅភាគ​ខាងត្បូងប្រទេស​ហ្វីលីពីន បានចូលដល់​ដំណាក់កាលចុង​ក្រោយហើយ​នៅថ្ងៃចន្ទនេះ ជាមួយ​ការរៀបចំការ​បោះឆ្នោតប្រជាមតិមួយ​ ដែលនឹង​ផ្ដល់ក្រុមឧទ្ទាម​ម៉ូសី្លម នូវសិទ្ធិស្វ័យភាព​គ្រប់គ្រង​តំបន់៕

៦៖ នៅព្រឹកថ្ងៃចន្ទនេះ (ពេលវេលានៅកម្ពុជា) បាតុភូតច័ន្ទគ្រាសពណ៌ក្រហមតែមួយគត់ក្នុងឆ្នាំ២០១៩ បាន​កើត​មាន​ឡើង​នៅ​លើ​ផ្ទៃ​មេឃ​នៃ​​ទ្វីប​​អាមេរិក​ទាំងមូល រួមជាមួយផ្នែក​ខ្លះនៃតំបន់អឺរ៉ុបនិង​អាហ្វ្រិក (ត្រូវនឹងយប់ថ្ងៃអាទិត្យ​នៅ​តាម​តំបន់​ទាំង​នេះ)៕