(ហាណូយ)៖ រសៀលថ្ងៃចន្ទនេះរថយន្តធុនធំមួយគ្រឿង បានបុកមនុស្សមួយក្រុមដែលកំពុងដើរឆ្លងផ្លូវជាតិ ដើម្បីទៅចូលរួម​ពិធីបុណ្យសពមួយកន្លែង នៅខេត្ត Hao Duong ភាគខាងជើងប្រទេសវៀតណាម បណ្តាលឲ្យស្លាប់មនុស្ស​៩នាក់ និងរងរបួស​​ចំនួន៣នាក់។ នេះបើតាមការដកស្រង់ការផ្សាយចេញពីទីភ្នាក់ងារព័ត៌មានចិន ស៊ីនហួរ នៅល្ងាចថ្ងៃចន្ទ ទី២១ ខែមករា ឆ្នាំ២០១៩។

គ្រោះថ្នាក់ខាងលើដែលកើតឡើងនៅលើផ្លូវជាតិលេខ៥នៃប្រទេសវៀតណាម បានផ្តាច់ជីវិតមនុស្ស​៧នាក់ភ្លាមៗ​នៅហ្នឹង​​កន្លែង ខណៈ២នាក់ទៀត​បានស្លាប់ក្រោយពេលបញ្ជូនទៅដល់មន្ទីរពេទ្យ ដើម្បីព្យាយាមជួយសង្រ្គោះ។ ភាគច្រើននៃអ្នករង​​គ្រោះគឺជាជនវ័យចំណាស់ដែលដើរឆ្លងថ្នល់។ ទន្ទឹមនឹងនេះ ប៉ូលិសក្នុងតំបន់កើតហេតុ កំពុងបើកការស៊ើបអង្កេតទៅលើ​ករណីគ្រោះថ្នាក់ចរាចរណ៍ដ៏អាក្រក់នេះ។

គួរជម្រាបថា ក្នុងឆ្នាំ២០១៨ គ្រោះថ្នាក់ចរាចរណ៍​​ប្រមាណ១៨,២៣២ករណី បានកើតឡើងនៅក្នុងប្រទេសវៀតណាម ដោយ​មនុស្ស​ចំនួន៨,១២៥នាក់បាត់បង់ជីវិត ៥,១២៥នាក់រងរបួសធ្ងន់ ៩,០៧០នាក់របួសស្រាល៕