(ប៉េកាំង)៖ ក្នុងឆ្នាំ២០១៨ នៅចំពោះមុខសង្រ្គាមពាណិជ្ជកម្មជាមួយអាមេរិក សេដ្ឋកិច្ចចិនមានកំណើន៦.៦ភាគរយ ដែល​ជា​សន្ទុះ​យឺត​បំផុត​​របស់​មហាយក្សនៅអាស៊ីមួយនេះ បើ​គិតក្នុងអំឡុងពេលជិត​បីទសវត្សរ៍កន្លងទៅ។ នេះបើ​តាម​ការ​ដក​ស្រង់​ការ​ផ្សាយ​ចេញ​ពី​សារ​ព័ត៌​មាន Channel News Asia នៅរសៀលថ្ងៃចន្ទ ទី២១ ខែមករា ឆ្នាំ២០១៩។

ក្រោយពីមានសន្ទុះ​សេដ្ឋកិច្ចកើនឡើងជាច្រើនឆ្នាំរហូតមក មហាអំណាចសេដ្ឋកិច្ចពិភពលោកលេខពីរ​មួយនេះ ហាក់​ដូច​ជា​កំពុង​​មាន​​ការ​ថម​ថយ​ទៅវិញ។ បើតាមទិន្នន័យផ្លូវការពីការិយាល័យជាតិ​ស្ថិតិនៃប្រទេសចិន កំណើនសេដ្ឋកិច្ចក្នុងឆ្នាំ២០១៨ គឺជា​អត្រា​​​​សន្ទុះ​​យឺត​បំផុត​​របស់​ចិន គិតចាប់តាំងពីឆ្នាំ១៩៩០មក ហើយវាគឺជាការធ្លាក់ចុះពី​កំណើន​សេដ្ឋ​កិច្ច​៦.៨ភាគ​រយកាល​ពី​​ឆ្នាំ​២០១៧។

ក្រុមមន្រ្តីតាក់តែងគោលនយោបាយចិន ត្រូវគេរំពឹងថានឹងខំប្រឹងបង្កើនការគាំទ្រ​ដល់សេដ្ឋកិច្ចជាតិក្នុងឆ្នាំនេះ ដើម្បី​បញ្ចៀស​​ការធ្លាក់សន្ទុះកាន់តែខ្លាំងថែមទៀត ប៉ុន្តែក្រុមអ្នកវិភាគបានវាយតម្លៃថា សកម្មភាពសេដ្ឋកិច្ច​ប្រហែលជាមិនទាន់អាចមាន​​ស្ថិរ​ភាព​វិញឡើយរហូតទាល់តែដល់រដូវក្តៅ ខណៈប្រការនេះនឹងដាក់សម្ពាធឲ្យ​ទីក្រុងប៉េកាំង​ព្យាយាមស្វែងរកកិច្ចព្រមព្រៀង​ឲ្យបានឆាប់រហ័សជាមួយទីក្រុងវ៉ាស៊ីនតោន ដើម្បី​បញ្ចប់​សង្រ្គាម​ពាណិជ្ជកម្ម។

លោក Ning Jizhe ប្រធានការិយាល័យ​ជាតិស្ថិតិចិន បានលើកឡើងថា បញ្ហាជម្លោះចិន-អាមេរិកពិតជា​កំពុង​ជះ​ឥទ្ធិពលដល់​សេដ្ឋកិច្ច​​ចិនមែន ​​ប៉ុន្តែទំហំនៃការប៉ះពាល់គឺអាចគ្រប់គ្រងបាន។ លោក Ning បានលើកឡើងថា ប្រទេសចិនមានទំនុកចិត្ត​និង​សមត្ថភាពខ្ពស់​ ដើម្បីសម្រេចបាននូវកំណើនសេដ្ឋកិច្ចដ៏ប្រសើរក្នុងឆ្នាំនេះ ខណៈដែលការថយចុះនៃសន្ទុះសេដ្ឋកិច្ចក៏បាន​បង្ហាញ​សញ្ញា​ខ្លះៗ​នៃការមានស្ថិរភាពឡើងវិញផងដែរ ក្នុងអំឡុងរយៈពេលពីរខែកន្លងទៅ៕​