(ម៉ានីល)៖ កិច្ចខិតខំប្រឹងប្រែង​អស់រយៈពេលរាប់​ទសវត្សរ៍ ដើម្បីបិទ​បញ្ចប់អំពើហិង្សា​ដែលបានផ្ដាច់ជីវិត​មនុស្សជាង ១៥០,០០០នាក់ នៅភាគ​ខាងត្បូងប្រទេស​ហ្វីលីពីន បានចូលដល់​ដំណាក់កាលចុង​ក្រោយហើយ​នៅថ្ងៃចន្ទនេះ ជាមួយ​ការរៀបចំការ​បោះឆ្នោតប្រជាមតិមួយ​ ដែលនឹង​ផ្ដល់ក្រុមឧទ្ទាម​ម៉ូសី្លម នូវសិទ្ធិស្វ័យភាព​គ្រប់គ្រង​តំបន់។ នេះបើតាមការចេញផ្សាយដោយសារព័ត៌មាន Channel News Asia នៅរសៀលថ្ងៃចន្ទ​ ទី២១ ខែមករា ឆ្នាំ២០១៩។

ការបោះឆ្នោត​នៅថ្ងៃចន្ទនេះគឺជាជំហាន​ចុងក្រោយ នៃការស្វែង​រកកិច្ចព្រមព្រៀង​សន្តិភាព​របស់ទីក្រុង​ម៉ានីល ជាមួយក្រុម​ឧទ្ទាម Moro Islamic Liberation Front (MILF) ជាកងកម្លាំង​បំបែករដ្ឋមួយដ៏ធំ​ ដែលបានធ្វើសកម្មភាព​ចាប់តាំងពីឆ្នាំ១៩៧០ មក។ ចំណែកឯ តំបន់ស្នូល​មួយចំនួន​នៃតំបន់ បាំងហ្គាសម៉ូរ៉ូ (Bangasmoro) មានទីតាំងស្ថិតលើកោះ មីនដាណាវ (Mindanao) ភាគខាងត្បូងប្រទេសហ្វីលីពីន និងស្ថិតនៅក្នុងសំណើ​ចង់គ្រប់គ្រង​របស់ MILF ត្រូវបាន​គេរំពឹងថា នឹងទទួលបាន​សំឡេងគាំទ្រ​ភាគច្រើន​លើសលប់។

ប៉ុន្តែទន្ទឹមគ្នា​ប្រជាជននៅក្នុង​តំបន់​ដូចជា លោក ហ្សេមប្រាហ៍ អាបាស់ (Jembrah Abas) មានវ័យ ២២ឆ្នាំ នៅតែ​ព្រួយបារម្ភ និងចង់ឱ្យអំពើហិង្សា​បិទបញ្ចប់ឱ្យ​បានឆាប់។ លោក Abas បានលើក​ឡើងយ៉ាងដូច្នេះថា «ខ្ញុំពិតជានឿយ​ហត់នឹងអំពើហិង្សាខ្លាំង​ណាស់ ព្រោះឪពុក​របស់ខ្ញុំក៏ជាជន​រងគ្រោះ នៃ​អំពើហិង្សានេះដែរ...»

គួរជម្រាបថា ប្រជាជនប្រមាណ ២.៨លាននាក់​ត្រូវបាន​គេរំពឹងថា នឹងចូលរួមនៅក្នុង​ការបោះឆ្នោត​នៅថ្ងៃចន្ទនេះ ខណៈប៉ូលិស និងទាហាន ២០,០០០នាក់​ត្រូវដាក់ការពារសន្តិសុខ និងសុវត្ថិភាព ព្រោះមានការ​ព្រួយបារម្ភថា អំពើ​ហិង្សាអាច​នឹងផ្ទុះឡើងគ្រប់ពេលវេលា៕