(បាងកក)៖ ភ្ញៀវទេសចរចិន និងបរទេសសរុប ១០,០០០នាក់ ត្រូវបាន​អញ្ជើញ​ឱ្យចូលរួមក្នុងពិធីបុណ្យ​ប្រចាំឆ្នាំមួយ​​នៅក្នុងប្រទេសថៃ ដែលបានបំបែក​កំណត់​ត្រា​ពិភពលោក Guinness World Record សម្រាប់ពិធី​ជប់លៀង បាយដំណើបស្វាយ (sticky rice mango) ធំជាងគេ​​បំផុតក្នុងលោក។ នេះបើ​តាម​ការចេញផ្សាយ​ដោយ​ទីភ្នាក់ងារ​ព័ត៌មានចិនស៊ីនហួរ នៅព្រឹកថ្ងៃចន្ទ ទី២១ ខែមករា ឆ្នាំ២០១៩។

បង្អែមដែលមានផ្លែស្វាយ ៦,០០០ផ្លែ និង​បាយដំណើប ១៥តោន ត្រូវបាន​ប្រកាសជាប់កំណត់ត្រាពិភពលោក​ នៅក្នុងព្រឹត្តិការណ៍​មួយក្រោម​ឈ្មោះ «We Care About You» នៅក្បែរទីក្រុងបាងកក។ ពិធីបុណ្យ​ប្រចាំឆ្នាំនេះ បានប្រព្រឹត្ត​ទៅកាលពីថ្ងៃអាទិត្យ​ ដោយអង្គភាព​​ទេសចរណ៍​នៃសភាជាតិថៃ និងត្រូវបាន​សម្របសម្រួល ដោយសមាគម​ទីភ្នាក់ងារ​ទេសចរណ៍​ថៃ។ ចំណែកឯ ភ្ញៀវទេសចរថៃក៏ត្រូវបាន​អញ្ជើញឱ្យចូល រួមក្នុងពិធីទទួលទាន​បង្អែមដ៏ល្បីឈ្មោះ​របស់ថៃផងដែរ អមជាមួយ​ម្ហូបថៃ និងផ្លែឈើ រួមទាំងការ​សម្ដែងរួមគ្នារវាង​អ្នកសម្ដែងចិន និងថៃ។

គួរបញ្ជាក់ថា កំណើនភ្ញៀវទេសចរចិន​នៅក្នុងប្រទេសថៃ​កាលពីដើមឆ្នាំ២០១៨ បានធ្លាក់ចុះ​វិញក្រោយមានគ្រោះ​ថ្នាក់លិចទូកដឹកអ្នកដំណើរ​ ដែលបានផ្ដាច់ជីវិត​ភ្ញៀវទេចរចិន ៤៧នាក់ កាលពី​ខែកក្កដា ឆ្នាំដដែល។ តែយ៉ាងណា​ក៏ដោយ ដើម្បីទាក់ទាញ​ភ្ញៀវទេស​ចរមកកម្សាន្តក្នុងប្រទេស​របស់ខ្លួន អាជ្ញាធរថៃ​បានសម្រេចចិត្ត​លើកលែងទិដ្ឋាការ​ទៅមក​​សម្រាប់ប្រទេស​ចំនួន ២០ ក្នុងនោះ​ក៏មាន​ចិនដែរ៕