(តូក្យូ)៖ នាយករដ្ឋ​មន្រ្តីជប៉ុន​លោក ស៊ីនហ្សូ អាបេ បាននិងកំពុង​ពិចារណាចុះសន្ធិសញ្ញា​សន្តិភាព​ជាមួយប្រទេស​រុស្ស៊ី ប្រសិន​បើ​ទីក្រុងម៉ូស្គូ​យល់ព្រមប្រគល់​កោះ​ចំនួន ០២ នៃទីប្រជុំកោះឃើរៀល (Kuril Islands) ឲ្យមកខ្លួនវិញ ខណៈ​ប៉ុន្មាន​​ថ្ងៃមុននេះ រុស្ស៊ី​ធ្លាប់បង្ហើប​ប្រាប់ទីក្រុងតូក្យូថា ទីក្រុងម៉ូស្គូចង់​បានប្រជុំកោះ Kuril ទាំងអស់។ នេះបើតាម​សេចក្តីរាយការណ៍​​នៃ​សារព័ត៌មាន​​​ជប៉ុនក្យូដូ (Kyodo) ដកស្រង់​ការផ្សាយដោយ​សារព័ត៌មាន​​​​​រុស្ស៊ី Sputnik នៅព្រឹក​ថ្ងៃចន្ទ ទី២១ ខែមករា ឆ្នាំ២០១៩​។

បើតាម Kyodo ដែលទទួល​​បានប្រភព​ព័ត៌មាន ពីក្រុមមន្រ្តីក្នុងជួររដ្ឋាភិបាលជប៉ុន លោក អា​បេ កំពុង​សម្លឹង​មើល​ជម្រើស​នៃ​ការ​ផ្ទេរ​កោះចំនួនពីរ​ យកមកឲ្យជប៉ុនវិញគឺកោះដែល​ជប៉ុន​ឲ្យឈ្មោះថា ហាបូម៉ាអ៊ី (Habomai) និង ស៊ីកុតាន (Shikotan) ដើម្បីបញ្ចប់​បញ្ហាវិវាទ​រាប់ទសវត្សរ៍​​រវាង​ប្រទេស​ទាំងពីរ​ ខណៈការ​ប្រគល់​​កោះពីរផ្សេង​ទៀតវិញ គឺកោះ អ៊ីតួរុប (Iturup) និងគូណាស៊ឺ (Kunashir) ហាក់ដូចជា​មិនអាចទៅរួច​នោះឡើយ។

គួរជម្រាបថា លោក ស៊ីនហ្សូ អាបេ នឹងត្រូវជួបពិភាក្សា​គ្នាជាមួយប្រធានាធិបតី​រុស្ស៊ី​លោក វ៉្លាឌីមៀ ពូទីន នៅថ្ងៃអង្គារ​សប្តាហ៍នេះ​នៅ​​ក្នុងទីក្រុងម៉ូស្គូ ដើម្បីពិភាក្សា​បញ្ហា​ទំនាក់ទំនង​រវាងប្រទេសទាំងពីរ ជាពិសេសគឺជម្លោះប្រជុំកោះឃើរៀល ដែលជារឿង​រសើប​បំផុត បាន​ធ្វើឲ្យទំនាក់ទំនងប្រទេសទាំងពីរ ពិបាករកឃើញសញ្ញាវិជ្ជមាន។

បញ្ហាជម្លោះ​​ជុំវិញកោះ​ចំនួន ០៤ នៅភាគ​ខាងត្បូង​​ទីប្រជុំកោះ Kuril គឺជា​ឧបសគ្គ​នៃការចុះសន្ធិសញ្ញា​​​ដើម្បី​បញ្ចប់​សង្រ្គាម​​លោក​លើកទីពីរ​​ ជាផ្លូវការ​​​រវាង​ប្រទេសរុស្ស៊ី និងជប៉ុន។ បើនិយាយ​ពីខ្សែក្រវ៉ាត់កោះ Kuril ទាំងមូលវិញនោះ គឺមានកោះ​ទាំងតូច​ទាំងធំ​សរុប​រហូត​ដល់ទៅ ៥៦ ឯណោះ ដោយ​ក្នុង​នោះ​កោះ​ដែល​ប្រទេស​ទាំងពីរ​កំពុង​​មានជម្លោះរវាងគ្នា គឺ​មានចំនួន ០៤ ប៉ុន្តែវា​កំពុងស្ថិតក្រោម​ការគ្រប់គ្រងមិន​ផ្លូវការ​របស់រុស្ស៊ី៕