(ដាម៉ាស់)៖ កងទ័ព​អាកាសស៊ីរី​បានអះអាងថា ប្រព័ន្ធការពារ​ដែនអាកាស​របស់ខ្លួន បានស្ទាក់ចាប និងបាញ់កម្ទេចមីស៊ីល​អ៊ីស្រាអែលជាច្រើន​គ្រាប់នៅព្រឹកព្រហាមថ្ងៃចន្ទនេះ។ នេះបើតាមការចេញផ្សាយ​សារព័ត៌មានរដ្ឋឋស៊ីរី ដកស្រង់ដោយទីភ្នាក់ងារព័ត៌មានចិន​ស៊ីនហួរ នៅព្រឹកថ្ងៃចន្ទ ទី២១ ខែមករា ឆ្នាំ២០១៩។

យោងតាម​ប្រព័ន្ធផ្សព្វផ្សាយ​រដ្ឋស៊ីរីដដែល យោធាអ៊ីស្រាអែល​បានបើក​ការវាយប្រហារតាមផ្លូវអាកាស​ ដោយប្រើប្រាស់ដែនអាកាសរបស់លីបង់ និងតំបន់ ហ្គាលីលី (Galilee) ដែលអ៊ីស្រាអែល​កំពុងគ្រប់គ្រង។ ប៉ុន្តែទន្ទឹមគ្នានោះ ប្រព័ន្ធការពារមីស៊ីល​របស់​ទ័ពអាកាស​ស៊ីរី ក៏បានប្រតិកម្ម​តបវិញភ្លាមដោយ​ស្ទាក់ចាប់ និងបំផ្លាញមីស៊ីល​ទាំងនេះ​បានជាច្រើនគ្រាប់​ផងដែរ ពីលើដែនអាកាសទីក្រុង​ដាម៉ាស់តែម្តង។

គួរបញ្ជាក់ថា នៅព្រឹកថ្ងៃចន្ទនេះ​យោធា​អ៊ីស្រាអែល បានទទួលស្គាល់​ពីការវាយប្រហារតាម​ផ្លូវអាកាស លើមូលដ្ឋានអ៊ីរ៉ង់​ជាច្រើន​កន្លែងនៅ ក្បែរទីក្រុង​ដាម៉ាស់ ជាមួយការព្រមាន​ស៊ីរីឱ្យបញ្ឈប់ការវាយប្រហារ​លើកងកម្លាំង និងទឹកដីអ៊ីស្រាអែលតទៅទៀត។

ម្យ៉ាងវិញទៀត នេះគឺជាការ​វាយប្រហារ​តាមផ្លូវអាកាស​លើកទី ២ លើទីក្រុងដាម៉ាស់ ក្នុងរយៈពេល ២៤ម៉ោងចុងក្រោយ ពោលគឺចាប់តាំងពីថ្ងៃអាទិត្យសប្តាហ៍មុន យោធាអ៊ីស្រាអែលបាន​បាញ់មីស៊ីល​យ៉ាងសន្ធប់ លើទីតាំងជាច្រើន​នៅទឹកដីស៊ីរី តែត្រូវបានប្រព័ន្ធផ្សព្វផ្សាយ​ស៊ីរីអះអាងថា ការវាយប្រហារនេះត្រូវប្រព័ន្ធ​មីស៊ីលរបស់ខ្លួន ទប់ស្កាត់​ទាន់ពេល​វេលា៕