(ម៉ិចស៊ីកូស៊ីធី)៖ តួលេខនៃអ្នកបាត់បង់ជីវិតក្នុងហេតុការណ៍ផ្ទុះឆេះ​បំពង់ប្រេង​ដ៏សម្បើមមួយ​ នៅឯភាគកណ្ដាល​នៃប្រទេស​​ម៉ិចស៊ីកូ​បានកើន​ដល់៨៥នាក់ហើយ។ នេះបើតាមរដ្ឋមន្ត្រីសុខាភិបាលម៉ិចស៊ីកូ ដកស្រង់ដោយទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃចន្ទ ទី២១ ខែមករា ឆ្នាំ២០១៩។

រដ្ឋមន្ត្រីសុខាភិបាលម៉ិចស៊ីកូ លោក Jorge Alcocer បានបន្ថែមថា មនុស្ស៥៨នាក់ ក៏កំពុងសម្រាកព្យាបាលរបួសក្នុងមន្ទីរពេទ្យផងដែរ រីឯ មូលហេតុផ្ទុះកំពុងស្ថិតក្រោមការស៊ើបអង្កេត ខណៈមានសេចក្ដីរាយការណ៍ថាហេតុការផ្ទុះបំពង់ប្រេងនៅ​ឯ​ទីក្រុង​ថ្លា​ហឺ​លីល​ផេន (Tlahuelilpan) កាលពីថ្ងៃសុក្រសប្ដាហ៍មុន កើតឡើងដោយសារតែក្រុមឧក្រិដ្ឋជនលួចទម្លុះបំពង់ប្រេងដើម្បីលួចបូមយកប្រេង។

គួរបញ្ជាក់ថា ហេតុការណ៍ផ្ទុះបំពង់ប្រេងខាងលើ កើតឡើងនៅចំពេលមនុស្សជាង៨០០នាក់ ក្នុងទីក្រុង​ថ្លា​ហឺ​លីល​ផេន នាំគ្នាប្រមូលប្រេង ដែលធ្លាយចេញពីបំពង់ប្រេង៕