(វ៉ាស៊ីនតោន)៖ ប្រធានាធិបតីអាមេរិកលោក ដូណាល់ ត្រាំ បានស្នើឡើងនូវកិច្ចព្រមព្រៀង​​មួយពាក់ព័ន្ធនឹងបញ្ហា​អន្តោប្រវេស​ន៍​​​ ក្នុងគោលបំណង​ព្យាយាមបញ្ចប់ការបិទទ្វាររដ្ឋាភិបាល ដែលបានអូសបន្លាយអស់រយៈពេល២៩ថ្ងៃមកហើយ។ នេះបើតាមការ​ដកស្រង់ការផ្សាយចេញពីសារព័ត៌មានចិន CGTN នៅព្រឹកថ្ងៃអាទិត្យ ទី២០ ខែមករា ឆ្នាំ២០១៩។

ថ្លែងក្នុងសេតវិមាន លោក ត្រាំ បានលើកឡើងថា លោក​សុខចិត្តផ្តល់ការការពាររយៈពេល​៣ឆ្នាំ​ ដល់ក្រុមជន​អន្តោ​ប្រវេសន៍​​​​ខុស​​ច្បាប់​នៅ​ក្រោមកម្មវិធី DACA និងកម្មវិធី TPS ប៉ុន្តែត្រូវ​មានការទម្លាក់​ថវិកា៥.៧​ពាន់លានដុល្លារ សម្រាប់ការសាង​សង់​ជញ្ជាំង​ព្រំដែន​នៅព្រំប្រទល់អាមេរិក-ម៉ិចស៊ីកូ។

យ៉ាងណាមិញ ថ្នាក់ដឹកនាំមន្រ្តីបក្សប្រជាធិបតេយ្យបានទាត់ចោលនូវសំណើខាងលើ ពីព្រោះ លោក ត្រាំ ផ្ទាល់ គឺជាអ្នក​លុប​ចោលនូវកម្មវិធី DACA និង TPS ហើយការផ្តល់ការការពារខ្លះៗមកវិញ ជាថ្នូរនឹងការ​ទទួលបានជញ្ជាំងព្រំដែននោះ គឺ​មិនអាច​ទទួលយកបានទាល់តែសោះ។

គួរជម្រាបថា ​រដ្ឋាភិបាលអាមេរិកបានបិទទ្វារមួយចំណែក ចាប់តាំងពី​ថ្ងៃទី២២ ខែធ្នូ ឆ្នាំ២០១៨មក ដោយសារតែបញ្ហា​ចង់បាន​​ជញ្ជាំងព្រំដែន​អាមេរិក-ម៉ិចស៊ីកូរបស់លោក ត្រាំ ខណៈ​បុគ្គលិករដ្ឋ​​ប្រមាណ៨០០,០០០ បាននិង​កំពុងផ្អាកការងារ​ ឬក៏​បំពេញ​ការងារដោយពុំទទួលបានប្រាក់ឈ្នួល៕