(បរទេស)៖ នៅថ្ងៃស្អែកនេះបាតុភូតច័ន្ទគ្រាសពណ៌ក្រហមតែមួយគត់ក្នុងឆ្នាំនេះ នឹងកើតមានឡើងនៅលើផ្ទៃមេឃ ហើយ​ទ្វីប​អាមេរិកទាំងមូល នឹងមានឱកាសទស្សនាទិដ្ឋភាពកម្រនេះ​តាំងពីដើមរហូតដល់ចប់ ខណៈ​ផ្នែក​ខ្លះនៃតំបន់អឺរ៉ុបនិង​អាហ្វ្រិកក៏​អាច​មើលឃើញដូចគ្នាផងដែរ។ នេះបើតាមការដកស្រង់ការផ្សាយចេញពីសារព័ត៌មានចិន CGTN នៅព្រឹកថ្ងៃអាទិត្យ ទី២០ ខែមករា ឆ្នាំ២០១៩។

ប្រសិនបើផ្ទៃមេឃស្រឡះល្អ បាតុភូតច័ន្ទគ្រាសទាំងមូលនឹង​អាចត្រូវមើលឃើញពី បណ្តាប្រទេសនៅតំបន់អាមេរិកខាងជើង​​និងខាងត្បូង រួមជាមួយ​​កោះគ្រីនឡែន ប្រទេសអ៊ីស្លង់ អៀរឡង់ ចក្រភពអង់គ្លេស ន័រវែស ស៊ុយអែត ព័រទុយហ្គាល់ បារាំង អេស៉្បាញ និងអាល្លឺម៉ង់។ បាតុភូតនេះនឹងលេចឡើងនាវេលាយប់ថ្ងៃអាទិត្យនេះ នៅតាមតំបន់ទាំងនោះ តែត្រូវ​នឹង​ពេល​​ព្រឹក​នៅ​ប្រទេសកម្ពុជា ហើយមានរយៈពេល៦២នាទី។

គួរជម្រាបថា ច័ន្ទគ្រាសខាងលើគេហៅថាច័ន្ទគ្រាសក្រហមឬច័ន្ទគ្រាសលោហិត ពីព្រោះវាជាបាតុភូតច័ន្ទគ្រាសពេញលេញ (​ព្រះច័ន្ទត្រូវ​​ស្រមោល​ផែនដីបាំងជិតទាំងស្រុង)។ ព្រះច័ន្ទមើលទៅមានពណ៌ក្រហម ដោយសារតែការជះរាយប៉ាយ​នៃ​ពន្លឺ​ព្រះអាទិត្យ​នៅ​ក្នុង​បរិយា​កាសផែនដី ហើយព្រះច័ន្ទដែលមានលក្ខណៈបែបនេះ ពេលខ្លះត្រូវគេហៅថា «Blood Moon»។ រីឯ​ព្រះច័ន្ទពេញវង់នៅ​ក្នុងខែមករា ជួនកាលត្រូវគេហៅថា Wolf Moon (ព្រះច័ន្ទចចក) ខណៈព្រះច័ន្ទនៅថ្ងៃស្អែកនេះនឹង​ខិត​មក​ជិត​ផែនដី ជា​ហេតុ​ធ្វើឲ្យ​វា​មើលទៅធំ​ភ្លឺជាងធម្មតាថែមទៀត និង​ត្រូវ​គេហៅថា Supermoon។ សរុបសេចក្តី​មក​បាតុភូត​ច័ន្ទ​គ្រាស​នៅ​ថ្ងៃ​ស្អែក​មានឈ្មោះ​​ថា «Super Bood Wolf Moon»៕