(ឡាសវេហ្គាស់)៖​ កីឡាករប្រដាល់សកល​ Manny Pacquiao នឹងឡើងសង្វៀនព្រឹកថ្ងៃអាទិត្យ​ ទី២០​ ខែមករា​ ឆ្នាំ២០១៩​ ព្រឹកនេះ​ ដើម្បីការពារខ្សែក្រវាត់ទម្ងន់មធ្យមពិភពលោក​ WBA ដោយប៉ះជើងខ្លាំងអាមេរិក​ Adrienne Broner។

ក្នុងជំនួបលើកទី១​ រវាងជើងខ្លាំងទាំងពីរនេះ​ នឹងធ្វើឡើងនៅសង្វៀន​ MGM Grand Garden Arena ស្ថិតក្នុងទីក្រុង​ Las Vegas រដ្ឋ​ Naveda សហរដ្ឋអាមេរិក​ ជាទីដែល​ Pac Man ធ្លាប់ចាញ់​ Floyd Mayweather ដោយពិន្ទុមិនឯកច្ឆ័ន្ទ​ និងចម្រូងចម្រាសបំផុតកាលឆ្នាំ២០១៥។

នេះក៏ជាលើកទី១​ ផងដែរ ដែល Manny Pacquiao ឡើងការពារខ្សែក្រវាត់​ WBA គិតចាប់តាំងពីដណ្តើមបានពីកីឡាករអាហ្សង់ទីន​ Lucas Mattysse ក្នុងខែកក្កដា​ ឆ្នាំ២០១៨​ ដោយសន្លប់ក្នុងទឹកទី៧។

គូដណ្តើមខ្សែក្រវាត់រវាង​ Manny Pacquiao ប៉ះកីឡាករវ័យ​២៩ឆ្នាំ​ Adrien​ Broner អាចចាប់ផ្តើមនៅចន្លោះម៉ោង​ ១០-១២​ព្រឹកដែលជាគូឯកចុងក្រោយគេ៕