(ម៉ានីល)៖ កំពូលមហាសេដ្ឋី​នៅក្នុងប្រទេស​ហ្វីលីពីន លោក តៃផេន ហិនរី ស៊ីស៊ឺ (Taipan Henry Sy Sr.) បានទទួលមរណភាព​ហើយក្នុងវ័យ ៩៤ឆ្នាំ នៅព្រឹក​ថ្ងៃសៅរ៍នេះតែម្តង។ នេះបើគ្រួសារ​របស់លោក ដកស្រង់ដោយ​ទីភ្នាក់ងារសារព័ត៌មាន​ចិនស៊ីនហួរ នៅព្រឹកថ្ងៃសៅរ៍ ទី១៩ ខែមករា ឆ្នាំ២០១៩។

ថ្លែងនៅក្នុង​សេចក្ដីថ្លែងការណ៍​គ្រួសាររបស់​លោក Sy បានឱ្យដឹង​ដូច្នេះថា «យើងពិតជា​មានការសោកស្ដាយ​ជាទីបំផុត ដែលត្រូវប្រកាស​ប្រាប់ថា លោក​ប្រធាន Henry Sy Sr ជាទីស្រឡាញ់​បានទទួលមរណភាព​ដោយសន្តិវិធី នៅក្នុងដំណេក​របស់លោកនៅព្រឹកថ្ងៃសៅរ៍នេះ... ហើយសូម​អ្នកទាំងអស់ ជួយបន់ស្រន់​ឱ្យវិញ្ញាណក្ខន្ធលោកទៅកាន់​សុគតិភព»

គួរបញ្ជាក់ថា លោក Taipan Henry Sy Sr. គឺជាស្ថាបនិក​ក្រុមហ៊ុន SM Group និងជាប្រធាន​ក្រុមហ៊ុន SM Prime Holdings Inc., SM Development Corporation ព្រមទាំង Highlands Prime INc., BDO Unibank Inc និងជាប្រធាន​កិត្តិយសនៃ​ក្រុមហ៊ុន China Banking Corporation ផងដែរ។

លោក Sy​ ត្រូវបានទស្សនាវដ្ដី​អាមេរិក Forbes ថា ជាអ្នកមាន​ជាងគេនៅក្នុងប្រទេស​ហ្វីលីពីន ១១ឆ្នាំជាប់ៗគ្នា ជាមួយ​ទ្រព្យសម្បត្តិ ១៩ពាន់លានដុល្លារ​អាមេរិក។ លោកបានចាប់កំណើតនៅខេត្ត Fujian ភាគអាគ្នេយ៍​ប្រទេសចិននៅថ្ងៃទី២៥ ខែធ្នូ ឆ្នាំ១៩២៤ ហើយលោក​បានបើកក្រុមហ៊ុនដំបូង​ឈ្មោះ ShoeMart ក្នុងឆ្នាំ១៩៥៨ រហូតវិវត្តន៍​ខ្លួនក្លាយជាជំនួញ​ដ៏ល្បីខាង​លក់រាយ ធនាគារ និងអចល​ទ្រព្យ៕