(ម៉ូស្គូ)៖ តារាម៉ូដែល​ជនជាតិ​បេឡារុសម្នាក់​ នាងណាស្ទីយ៉ា រីប៊ីកា (Nastya Rybka) (ឈ្មោះពិត​នាង អាណាតាស្យ៉ា វ៉ាស៊ូខេវិច ឬ Anastasia Vashukevich) ដែលអះអាងថា មានភស្ដុតាង​បញ្ជាក់ពីទំនាក់ទំនង​រវាងក្រុមយុទ្ធនាការ​ឃោសនាបោះឆ្នោត ​របស់ប្រធានាធិបតី​អាមេរិក លោក ដូណាល់ ត្រាំ ជាមួយទីក្រុងម៉ូស្គូ ត្រូវបានបញ្ជូនទៅ​ដល់ដៃប៉ូលិស​រុស្ស៊ីហើយ។ នេះបើតាម​ការចេញផ្សាយ​ដោយ​សារព័ត៌មាន BBC នៅព្រឹកថ្ងៃសៅរ៍ ទី១៩ ខែមករា ឆ្នាំ២០១៩។

ការចាប់ខ្លួន​នាង Rybka ធ្វើឡើងបន្ទាប់ពី​រូបនាងផ្ទាល់​ធ្លាប់បាននិយាយថា ខ្លួនមានភស្ដុតាងបញ្ជាក់​បានរុស្ស៊ីបានលូកដៃ​ជួយលោក​ ដូណាល់ ត្រាំ ឱ្យ​ឈ្នះនៅក្នុងការ​បោះឆ្នោតប្រធានាធិបតី​អាមេរិក​កាលពី​ឆ្នាំ២០១៦ ហើយភស្តុតាង​នេះទៀតសោត​ គឺទទួលបានពីមហាសេដ្ឋី​រុស្ស៊ីម្នាក់​ឈ្មោះ អូឡេក ឌែរីផាស្កា (Oleg Deripaska)។ ប៉ុន្តែការ​ចោទប្រកាន់នេះ​ត្រូវបានលោក Oleg បដិសេធ ខណៈប៉ូលិស​រុស្ស៊ីឱ្យដឹងថា​ ការចាប់ខ្លួន​ស្ត្រីវ័យ ២៧ឆ្នាំរូបនេះ គឺ​ដោយសារ​មាន​ជាប់ពាក់ព័ន្ធ​នឹង​ការបើកសិក្ខា​សាលាបង្ហាត់​​បង្រៀនរឿងផ្លូវភេទ​​ នៅ​ទីក្រុង​ទេសចរណ៍ផាត់តាយ៉ា (Pattaya) នៃប្រទេសថៃ។

គួរបញ្ជាក់ថា នាងណាស្ទីយ៉ា រីប៊ីកា បានស្ថិត​ក្រោម​ការឃុំឃាំង​ នៅក្នុងពន្ធនាគារ​ប្រទេសថៃអស់រយៈពេល ០៩ខែ ជាមួយបុគ្គលប៉ុន្មានរូបផ្សេង ទៀត បន្ទាប់ពីប៉ូលិស​ថៃ​​បាន​បើកប្រតិបត្តិការ​បង្រ្កាបមួយនៅ​ទីក្រុង Pattaya កាលពី​ខែកុម្ភៈ ឆ្នាំ២០១៨។ ដោយឡែក យោងតាម​ការ​សម្រេច របស់តុលាការថៃ​នាពេលថ្មីៗ តារា​ម៉ូដែល​រូប​នេះ​ ក៏​ត្រូវបានបញ្ជូនខ្លួន​ចេញពីប្រទេសថៃ ដើម្បីត្រឡប់​ទៅ​កាន់ប្រទេស​បេឡារុសវិញ តែ​រូប​នាង ​និងមនុស្ស​​០៣នាក់​ទៀត ​ត្រូវ​បាន​ប៉ូលិស​​រុស្ស៊ី​ឃាត់​ខ្លួន​នៅ​ព្រលាន​យន្តហោះ សេរែមែតយ៉េវូ (Sheremetyevo) ​ក្រោមការចោទប្រកាន់​ពីបទប្រព្រឹត្ត​អំពើ​ពេស្យាចា​​៕