(ម៉ិចស៊ីកូ)៖ អភិបាលរដ្ឋ​ហ៊ីដាលហ្គោ (Hidalgo) លោក អូម៉ារ ហ្វាយ៉ាដ (Omar Fayad) បានឱ្យដឹងថា មនុស្សយ៉ាង​ហោច​ណាស់ ២០នាក់បានស្លាប់ និង ៥៤នាក់ផ្សេង​ទៀតបាន រងរបួសនៅក្នុងហេតុការណ៍ផ្ទុះឆេះ​បំពង់ប្រេង​ដ៏សម្បើមមួយ​ នៅភាគកណ្ដាល​ប្រទេស​ម៉ិចស៊ីកូ។ នេះបើតាម​ការចេញផ្សាយ​ដោយ​សារព័ត៌មាន Sputnik នៅព្រឹកថ្ងៃសៅរ៍ ទី១៩ ខែមករា ឆ្នាំ២០១៩។

លោក Omar Fayad បានគូស​បញ្ជាក់ប្រាប់​សារព័ត៌មាននៅ​ក្នុងស្រុកយ៉ាងដូច្នេះថា «យោងតាមព័ត៌មាន​បឋមដែលខ្ញុំទទួល​បាន មនុស្សយ៉ាង ហោចណាស់ ២០នាក់បានស្លាប់ និង៥៤នាក់ទៀតរងរបួសដោយសារភ្លើងឆេះ នៅក្នុងហេតុការណ៍​ផ្ទុះបំពង់ប្រេង​នៅក្នុងទីក្រុង ថ្លាហឺលីលផេន (Tlahuelilpan) នៅថ្ងៃសុក្រ​សប្ដាហ៍នេះ (ពេលវេលានៅម៉ិចស៊ីកូ)»

គួរបញ្ជាក់ថា ភ្លាមៗបែបនេះមិនទាន់មានការបញ្ជាក់មូល​ហេតុផ្ទុះនៅឡើយទេ ខណៈមានសេចក្ដីរាយការណ៍ផ្ទុះនេះ​កើតឡើងតែប៉ុន្មានម៉ោង​ប៉ុណ្ណោះ បន្ទាប់ពីក្រុម ឧក្រិដ្ឋជនលួចទម្លុះ​បំពង់ប្រេងដើម្បី​លួចបូមយក​ប្រេង ខណៈ​រដ្ឋាភិបាលម៉ិចស៊ីកូ​កំពុងប្តេជ្ញា​បង្ក្រាប​ក្រុម​លួចប្រេង​រដ្ឋ ដែលបាននាំឲ្យប្រទេសអាមេរិកខាងជើង​មួយនេះ ខាតបង់ថវិការាប់​ពាន់លានដុល្លារ​ក្នុងមួយឆ្នាំៗនោះ៕