(ប៉េកាំង)៖ យន្ដហោះប្រភេទ​ស្លាបចាក់​លើកដំបូង​របស់ចិន សម្រាប់ការ​ហោះហើរល្បាត​ទៅ​តំបន់​ប៉ូល​ដែលមានឈ្មោះថា ឥន្ទ្រីព្រិល (Snow Eagle) 601 បានចុះចត​នៅឯស្ថានីយ ឃុនលុន (Kunlun) នៅថ្ងៃសុក្រសប្ដាហ៍នេះ ស្ថិតនៅតំបន់​ប៉ូលខាងត្បូង​នៃភពផែនដី។ នេះបើតាម​ការចេញផ្សាយដោយ​ ទីភ្នាក់ងារសារព័ត៌មាន​ចិនស៊ីនហួរ នៅព្រឹកថ្ងៃសៅរ៍ ទី១៩ ខែមករា ឆ្នាំ២០១៩។

យោងតាម​ស៊ីនហួរ យន្ដហោះ Snow Eagle 601 បានចុះចត​​ដោយជោគជ័យ​នៅឯអាកាសយានដ្ឋាន Kunlun Station ស្ថិតនៅពីលើកម្រិត​នីរ៉ូទឹកសមុទ្រ ៤,០០០ម៉ែត្រ​ក្បែរតំបន់ ដូមអេ (Dome A)។ ម្យ៉ាងទៀតនេះគឺជាលើកទី៣ហើយ ដែលយន្ដហោះប្រភេទធ្វើការចុះចតដោយជោគជ័យនៅ តំបន់ប៉ូល គិតចាប់តាំងវាចាប់ផ្ដើមធ្វើប្រតិបត្តិការហោះហើរមក។

គួរជម្រាបថា សម្រាប់តំបន់ប៉ូលខាងត្បូងផែនដី ក្នុងរយៈពេល ៣០ឆ្នាំ​កន្លងទៅនេះ ចិនបានបង្កើត​ស្ថានីយស្រាវជ្រាវ​ចំនួន ០៤កន្លែង​រួមមានស្ថានីយ មហាកំផែង (Great Wall), ចុងសាន (Zhongshan), ឃុនលុន (Kunlun), និង ថៃសាន (Taishan)។ ស្ថានីយ Taishan មានទីតាំងស្ថិតនៅ​ចន្លោះស្ថានីយ Kunlun និង Zhongshan ហើយវាត្រូវបាន​ដាក់​ឲ្យប្រើប្រាស់ជាផ្លូវការ​​កាល​ពីខែកុម្ភៈ ឆ្នាំ២០១៤ ក្រោយ​ការសាងសង់​ដំណាក់កាល​ទី​មួយ​ត្រូវបាន​បញ្ចប់៕​