(វ៉ាស៊ីនតោន)៖ ជំនួបកំពូលជាលើកទី២រវាងប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ និងមេដឹកនាំកូរ៉េខាងជើង គីម ជុងអ៊ុន នឹងត្រូវប្រព្រឹត្ត ទៅចុងខែកុម្ភៈខាងមុខ ខណៈមានសេចក្ដីរាយការណ៍ជាច្រើនថាទីក្រុងហាណូយ ប្រទេសវៀតណាមនឹងធ្វើជាម្ចាស់ផ្ទះរៀបចំជំនួបកំពូលនេះ។ នេះបើតាមការប្រកាសរបស់សេតវិមាន ដកស្រង់ដោយសារព័ត៌មាន BBC នៅថ្ងៃសៅរ៍ ទី១៩ ខែមករា ឆ្នាំ២០១៩។

ការប្រកាសខាងលើរបស់សេតវិមាន ធ្វើឡើងបន្ទាប់ពីលោក ដូណាល់ ត្រាំ បានជួបជាមួយដៃស្ដាំលោក គីម ជុងអ៊ុន គឺលោក គីម យ៉ុង ចុល នៅឯសេតវិមាននៅថ្ងៃសុក្រសប្ដាហ៍នេះ (ម៉ោងនៅអាមេរិក)។ បន្ថែមពីលើនេះ លោក គីម យ៉ុង ចុល ក៏បានប្រគល់សំបុត្រមួយច្បាប់ពីមេដឹកនាំ កូរ៉េខាងជើងឱ្យលោក ត្រាំ ដោយផ្ទាល់ដៃផងដែរ។ ប៉ុន្តែមិនទាន់មានការបញ្ជាក់ណាមួយពីខ្លឹមសារនៅក្នុងសំបុត្រនេះនៅឡើយទេ។

គួរបញ្ជាក់ថា បើតាមសារព័ត៌មានអាមេរិកជាច្រើន កិច្ចប្រជុំកំពូលជាលើកទី២រវាងលោក ដូណាល់ ត្រាំ និងលោក គីម ជុងអ៊ុន ទំនងជានឹងអាច ធ្វើឡើងនៅក្នុងទីក្រុងហាណូយ ប្រទេសវៀតណាម ស្របពេលលេចលឺព័ត៌មានមួយចំនួនដែរថាមេដឹកនាំកូរ៉េខាងជើងរូបនេះនឹងបំពេញដំណើរ ទស្សនកិច្ចមកកាន់ប្រទេសវៀតណាម នៅក្រោយបុណ្យចូលឆ្នាំចិន៕