(ស៊ុយអែត)៖ ក្រុមមន្រ្តីបេសកជន​មកពី​សហរដ្ឋអាមេរិកនិង​កូរ៉េខាងជើង នាថ្ងៃពុធនេះ​បានបើកកិច្ចប្រជុំជាន់ខ្ពស់​​មួយ​​ដោយ​​ស្ងាត់ៗ​នៅឯរដ្ឋធានីស្តុកហូមនៃប្រទេសស៊ុយអែត។ នេះបើតាមការដកស្រង់ការផ្សាយចេញពីសារព័ត៌មាន Associated Press (AP) នៅយប់ថ្ងៃសុក្រ ទី១៨ ខែមករា ឆ្នាំ២០១៩។

អ្នកនាំពាក្យក្រសួងការបរទេសស៊ុយអែត​លោកស្រី Diana Kudhaib បានឲ្យដឹងថា កិច្ចពិភាក្សាខាងលើ​រួមមាននូវវត្តមានរបស់​​អនុរដ្ឋមន្រ្តីការបរទេសកូរ៉េខាងជើង លោកស្រី Choe Son Hui ប៉ុន្តែពុំបានផ្តល់ព័ត៌មានលម្អិតអ្វីទៀតនោះទេ ខណៈ​ទីភ្នាក់ងារព័ត៌​មានស៊ុយអែត TT បានរាយការណ៍ថា បេសកជនពិសេស​​របស់អាមេរិកទទួលបន្ទុកកិច្ចការកូរ៉េខាងជើង លោក Stephen Biegun ​និង​រដ្ឋមន្រ្តីការបរទេសស៊ុយអែតផ្ទាល់ គឺលោកស្រី Margot Wallstrom ក៏បានចូលរួមផងដែរ។

គួរជម្រាបថា ស៊ុយអែត​​មានទំនាក់ទំនង​ការទូត​ជាមួយ ​ទីក្រុងព្យុងយ៉ាង​ចាប់តាំងពី​ឆ្នាំ១៩៧៣មក និងស្ថិតក្នុងចង្កោម​ប្រទេស​លោកខាងលិចមួយចំនួនតូច ដែលមានស្ថានទូត​នៅកូរ៉េខាងជើង។ កាលពីខែមីនា ឆ្នាំ២០១៨ ប៉ុន្មានខែមុនការកើតមានឡើង​នៃកិច្ចប្រជុំកំពូលជាប្រវត្តិសាស្រ្តរវាង​ ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ ​និង​ប្រមុខដឹកនាំកូរ៉េខាងជើង​​ លោក គីម ជុងអ៊ុន នៅសិង្ហបុរី រដ្ឋមន្រ្តីការបរទេសស៊ុយអែត លោកស្រី Wallstrom ក៏បាន​ទទួលជួបពិភាក្សាគ្នា​ជាមួយ​សមភាគី​កូរ៉េ​ខាង​ជើង​ លោក Ri Yong Ho នៅទីក្រុងស្តុកហូមផងដែរ៕