(តូក្យូ)៖ ជប៉ុននៅថ្ងៃសុក្រនេះ​បានបាញ់បង្ហោះ​រ៉ុក្កែត Epsilon-4 ពាំនាំផ្កាយរណប​តូចៗចំនួន ០៧គ្រឿង ចេញពីមជ្ឈមណ្ឌល​អវកាស Uchinoura ស្ថិត​នៅក្នុងខេត្ត Kagoshima ភាគនិរតី​ប្រទេសជប៉ុន ឡើងទៅកាន់គន្លងតារាវិថីប្រកបដោយជោគជ័យ​ ក្នុង​នោះមានមួយគ្រឿងអាចបង្កើតព្រឹត្តិការណ៍​ទេពច្យុតសិប្បនិម្មិតបាន។ នេះបើតាមការ​ចេញផ្សាយដោយ​ទីភ្នាក់ងារសារ​ព័ត៌​មាន​ចិន​ ស៊ីនហួរ នៅយប់ថ្ងៃសុក្រ ទី១៨ ខែមករា ឆ្នាំ២០១៩។

ផ្កាយរណបទាំង ០៧គ្រឿងខាងលើ ត្រូវបានផលិតឡើង​ដោយ​ក្រុមហ៊ុនឯកជន និង​សាកលវិទ្យាល័យ១០ផ្សេងៗពីគ្នា ហើយទីភ្នាក់ងារ​អវកាសជប៉ុន ក៏បានទទួលស្គាល់ដែរថា គ្រាប់រ៉ុក្កែត Epsilon-4 បានយក​ផ្កាយរណបទំាងនេះទៅ​កាន់គន្លងផែនដី​ដោយជោគជ័យ ក្នុងរយៈពេល​៥០នាទី បន្ទាប់ពីបានចេញ​នៅរយៈកម្ពស់ ៥១៤គីឡូម៉ែត្រពីផ្ទៃផែនដី។

គួរបញ្ជាក់ថា នេះគឺជាការបាញ់​បង្ហោះផ្កាយលើកចុងក្រោយ​បំផុតរបស់ជប៉ុន និងត្រូវបានធ្វើឡើង​ក្រោយពេលមានការដាក់​ចេញនូវវិធានការថ្មី មួយដែលជម្រុញ​ឱ្យមានការអភិវឌ្ឍ​ សកម្មភាពនៅទីអវកាស ដោយមានការចូលរួមពីវិស័យឯកជន។ ម្យ៉ាងវិញទៀត​ការបាញ់បង្ហោះនៅថ្ងៃសុក្រនេះ ក៏ជាលើកដំបូង​ដែលគ្រាប់រ៉ុក្កែតប្រភេទ Epsilon ដឹកជញ្ជូន​ផ្កាយរណបច្រើន​គ្រឿង។

អ្វីដែលគួរឲ្យចាប់អារម្មណ៍ខ្លាំង ក្នុងចំណោម​ផ្កាយរណបទាំង០៧គ្រឿងខាងលើ គឺផ្កាយរណបតូចខ្នាតមួយ​គ្រឿងដែល​នឹង​​បង្កើតឡើងនូវព្រឹត្តិការណ៍ទេពច្យុត នៅលើផ្ទៃមេឃ​ពេលរាត្រីនៃទីក្រុងហីរូស៊ីម៉ានាអំឡុងដើមឆ្នាំ២០២០។ ដើម្បី​ធ្វើឲ្យដូចជាមាន​ទេពច្យុតកើតឡើង ផ្កាយរណបនេះនឹងបញ្ចេញដុំបាល់ល្អិតៗរាប់រយគ្រាប់ ដែលអាចបញ្ចេញពន្លឺភ្លឺផ្លេក​ពាសពេញផ្ទៃមេឃ​​។ ​ក្រុមហ៊ុនដែលអភិវឌ្ឍន៍ផ្កាយរណបនេះឈ្មោះថា ALE Co. Ltd មានគោលដៅបង្កើតនូវសេវាកម្មទទួលបង្កើតព្រឹត្តិការណ៍​ទេពច្យុត​សិប្បនិម្មិតនៅទូទាំងពិភពលោក៕