(ការ៉ាកាស់)៖ រដ្ឋមន្ត្រីការបរទេស​វេណេស៊ុយអេឡា លោក ហ្សក អារៀហ្សា (Jorge Arreaza) បានចោទប្រកាន់​សហរដ្ឋអាមេរិកថា បាននិងកំពុង​ញុះញង់ឱ្យមាន ការធ្វើរដ្ឋប្រហារ​ទម្លាក់រដ្ឋាភិបាលលោក​ប្រធានាធិបតី នីកូឡាស់ ម៉ាឌូរ៉ូ ដែលទើប​ស្បថឡើងកាន់តំណែងថ្មីថ្មោង។ នេះបើតាម​​ការចេញផ្សាយ​ដោយទីភ្នាក់ងារព័ត៌មានចិន​ស៊ីនហួរ នៅព្រឹកថ្ងៃព្រហស្បតិ៍ ទី១៧ ខែមករា ឆ្នាំ២០១៩។

ការចោទប្រកាន់​របស់លោក Arreaza គឺជាការឆ្លើយតប​ទៅនឹងរដ្ឋមន្ត្រីការបរទេស​អាមេរិក លោក ម៉ៃក៍ ប៉ុមប៉េអូ សម្រាប់ការ​គាំទ្រសភាជាតិវេណេស៊ុយអេឡា កំពុង​គ្រប់គ្រងដោយ​គណបក្សប្រឆាំង​​ដែលបានប្រកាសថា ​លោក ម៉ាឌូរ៉ូ ជាប្រធានាធិបតី​ខុសច្បាប់។ បន្ថែមពី​លើនេះ​លោក ប៉ុមប៉េអូ ក៏បាន​សង្កត់ធ្ងន់ដែរថា ផ្អែកលើមាត្រាមួយចំនួននៃរដ្ឋធម្មនុញ្ញ​វេណេស៊ុយអេឡា សភាជាតិ​របស់បក្សប្រឆាំង​ អាចទទួលខុសត្រូវ​លើស្ថាប័ននីតិប្រតិបត្តិ​បាន។

ក៏ប៉ុន្តែ​លោក Arreaza បានឆ្លើយ​ទៅវិញថា ការកត់សម្គាល់​របស់រដ្ឋមន្ត្រី​ការបរទេសអាមេរិក​ ធ្វើឡើងដោយ​មិនយល់ពីរដ្ឋ​ធមនុញ្ញ​វេណេស៊ុយ​អេឡា។ លោក Arreaza បានបញ្ជាក់​បន្ថែមយ៉ាងដូច្នេះថា «លោក ប៉ុមប៉េអូ បាននិងកំពុង​ដឹកនាំបទឧក្រិដ្ឋ រាំង​ខ្ទប់សេដ្ឋកិច្ច និងប្រតិបត្តិការ​ឈ្លាន​ពានប្រឆាំង​នឹងវេណេស៊ុយអេឡា... ម្យ៉ាងវិញទៀត​ខណៈលោកប្រធានាធិបតី​ ម៉ាឌូរ៉ូ កំពុងស្វែងរកកិច្ចសន្ទនា​ជាមួយ​សហរដ្ឋអាមេរិក លោក ប៉ុមប៉េអូ និងមនុស្សជ្រុល​និយមមួយតូច បែរជាកំពុង​រកមធ្យោបាយ និងញុះញង់ៀឱ្យមានរដ្ឋប្រហារ និងអំពើហិង្សា ​នៅក្នុងប្រទេស​វេណេស៊ុយអេឡា​ទៅវិញ»

គួរបញ្ជាក់ថា លោក Jorge Arreaza កង្វះកិច្ចសន្ទនា​រវាងរដ្ឋាភិបាល និងក្រុមអ្នកប្រឆាំង​នៅក្នុងសហរដ្ឋអាមេរិក ព្រមទាំងការ​បិទរដ្ឋាភិបាល​សហព័ន្ធ គឺជាមូលហេតុធ្វើ​ឱ្យលោករដ្ឋមន្ត្រី​ការបរទេស​អាមេរិក មិនអាចទទួល​បានព័ត៌មានច្បាស់​ការគ្រប់គ្រាន់ ដែលជួយឱ្យ​លោកយល់ពី រដ្ឋធម្មនុញ្ញ​វេណេស៊ុយអេឡា៕