(អាមេរិក)៖ អង្គការ NASA ប្រហែល​ជាត្រូវធ្វើការសម្រេចចិត្ត​ក្នុងឆ្នាំនេះ ​ជុំវិញបេសកកម្ម​បញ្ជូនយាន​មួយគ្រឿង​ មានលក្ខណៈ​​ជា​​ដ្រូន​​​​ទៅ​​កាន់​​ព្រះច័ន្ទ Titan របស់​ភព​សៅរ៍ (Saturn) ដើម្បីធ្វើការសិក្សាឲ្យកាន់តែស៊ីជម្រៅ នៃទីឋានទីពីរក្នុង​ប្រព័ន្ធ​ព្រះអាទិត្យ ដែលមាន​វត្ថុរាវអណ្តែតលើ​ផ្ទៃរបស់វា ដូចទៅនឹង​ស្ថានភាព​​របស់ផែនដីយើង​ដែរនេះ។ នេះបើ​តាមការ​ដកស្រង់ការផ្សាយ​ចេញ​ពី​​វែបសាយ Space.com នៅ​ព្រឹក​​ថ្ងៃ​ព្រហស្បតិ៍ ទី១៧ ខែមករា ឆ្នាំ២០១៩។

នៅក្នុងឆ្នាំ២០១៩នេះ ទីភ្នាក់ងារ​អវកាស​អាមេរិក NASA ទំនងជានឹងត្រូវ​សម្រេចជ្រើសរើស​រវាង​បេសកកម្ម​ខាងលើដែលមាន​ឈ្មោះ​ថា Dragonfly និងសំណើបេសកកម្មមួយផ្សេង​ទៀត ដែលស្តីពីការ​ទៅប្រមូល​យកគំរូស្លាកស្នាម​ពីអាចម៍ផ្កាយមួយ។ ប្រសិន​បើត្រូវ​ NASA ជ្រើសរើសយក​បេសកកម្ម Dragonfly នឹងមានគោលដៅ​បាញ់បង្ហោះយានផ្ទុកដ្រូ ចេញ​ពីផែនដីនៅឆ្នាំ២០២៥ ហើយនឹងទៅដល់​ព្រះច័ន្ទ Titan នៅឆ្នាំ២០៣៤។

កន្លងមកអ្នកវិទ្យាសាស្រ្ត​ទទួលបានព័ត៌មាន​ ដ៏គួរឲ្យចាប់អារម្មណ៍ជាច្រើន​អំពី​ព្រះច័ន្ទ Titan ដែលបានមកពី​​យាន Cassini និង​យាន Huygens ដែលបានធ្វើដំណើរជាមួយ Cassini និងចុះដល់ទៅ Titan កាលពីឆ្នាំ២០០៥។ ប៉ុន្តែ Cassini ពុំ​មានឱកាស​​បាន​មើល​ឃើញច្បាស់​នូវផ្ទៃ​​​របស់ Titan ឡើយ ដោយសារតែបរិយាកាស​ដ៏ក្រាស់របស់វា រីឯយាន Huygens វិញ គ្រាន់តែ​ចុះទៅ​ដល់​ភ្លាម​​​វាក៏អស់ថ្មត្រឹមតែ​ប៉ុន្មានម៉ោង​ក្រោយ​ប៉ុណ្ណោះ ប៉ុន្តែវាអាចយល់ដឹងពីសណ្ឋានដី ខ្យល់ និង​កំហាប់បរិយាកាសរបស់ព្រះច័ន្ទ Titan បានច្រើនគួរសម ដែលយើងមិនធ្លាប់បានដឹងពីមុនមក។

ដូច្នេះ NASA សង្ឃឹមថា យាន-ដ្រូន Dragonfly នឹងអាច​ធ្វើការរុករក​នៅ​តាមទីតាំង​ជា​ច្រើនរបស់​ព្រះច័ន្ទ Titan ក្នុងអំឡុងពេល ០២ឆ្នាំ ប្រសិនបើ​បេសកកម្មនេះ ត្រូវបានអង្គការ NASA ជ្រើសរើសយក។ ព្រះច័ន្ទទីតាន​មានទំហំ​ធំជាងព្រះច័ន្ទ​របស់ផែនដី​យើង និងធំបំផុត​លំដាប់ទីពីរ នៅក្នុងប្រព័ន្ធ​ព្រះអាទិត្យ បន្ទាប់ពី​ព្រះច័ន្ទ Ganymede នៃភពព្រហស្បតិ៍ ដែលមានទំហំធំជាងភពពុធ ទៅទៀត។ ព្រះច័ន្ទ​ធំបំផុត​នៃភពសៅរ៍នេះ​មាន​អាកាសធាតុ​ត្រជាក់ខ្លាំង ជាមួយបរិយាកាស​ក្រាស់ជាង​ផែនដី ៥០ភាគរយ ព្រមទាំង​មានមហា​សមុទ្រ​​មេតានរាវ អណ្តែតនៅលើផ្ទៃរបស់វា​ថែមទៀត​ផង៕