(អាមេរិក)៖ ទីក្រុង​ឡូសអាន់ជែឡេស (Los Angeles) នៃរដ្ឋកាលីហ្វរញ៉ា សហរដ្ឋអាមេរិក បានទទួលស្វាគមន៍​ភ្ញៀវទេសចរ​​ ១.២លាននាក់ពី​ប្រទេស​ចិននៅឆ្នាំ២០១៨ ដែល​ស្ថិត​នៅក្នុងកំណើនគួរឲ្យកត់សម្គាល់ បើធៀបនឹង​តួលេខឆ្នាំ២០១៧។ នេះបើតាម​ការដកស្រង់ការផ្សាយ​ ចេញពីទីភ្នាក់ងារព័ត៌មានចិន ស៊ីនហួរ នៅព្រឹក​ថ្ងៃព្រហស្បតិ៍ ទី១៧ ខែមករា ឆ្នាំ២០១៩។

កាលពីឆ្នាំ​ទៅមិញនេះ ​អ្នកទេសចរ​មកពីជុំវិញសកលលោកសរុប ​​៥០លាននាក់​ធ្វើដំណើរទៅកាន់ទីក្រុង Los Angeles ដែលមានការ​កើនឡើង ៣.១​ភាគរយធៀប​នឹងឆ្នាំ២០១៧ ហើយវាក៏ជាសញ្ញា​នៃការរីកចម្រើនក្នុងវិស័យ​ទេសចរណ៍សម្រាប់ទីក្រុងនេះ ក្នុងរយៈពេល​ ០៨ឆ្នាំ​ជាប់​ៗគ្នាផងដែរ ខណៈ​អ្នក​ទេសចរពីប្រទេសចិន ស្ថិតនៅក្នុងចំនួន​កើនឡើង និងជួរមុខមួយ​ផងដែរ។

គួរបញ្ជាក់ថា ក្រុមប្រឹក្សាភិបាល​​ផ្នែកទេសចរណ៍ទីក្រុង Los Angeles បានបង្ហាញ​មោទនភាព​ជាខ្លាំង ដែលខ្លួនបានសម្រេចចិត្ត​​​ត្រឹមត្រូវ ក្នុងការធ្វើដំណើរ​ទៅ​កាន់​ប្រទេសចិន​កាលពី ១៣ឆ្នាំមុន ហើយបើក​ការិយាល័យដំបូងនៅរដ្ឋធានី​ប៉េកាំង។ បច្ចុប្បន្ន​ស្ថាប័ននេះមាន​ការិយាល័យ​សរុប​ចំនួន ០៤នៅលើទឹកដីចិន និងកំពុងមាន​គម្រោងថា នឹង​បើកបន្ថែមជាបន្ត​បន្ទាប់ទៀត ​នាពេល​ឆាប់ៗ​ខាងមុខ៕​