(វ៉ាស៊ីនតោន)៖ កងនាវាចម្បាំង​របស់សហរដ្ឋអាមេរិកនិងចក្រភពអង់គ្លេសបានធ្វើដំណើររួមគ្នាជាលើកទីមួយ នៅសមុទ្រចិន​ខាងត្បូង ក្នុងអំឡុងនៃការធ្វើសមយុទ្ធយោធារយៈពេលជិតមួយសប្តាហ៍។ នេះបើតាមការដកស្រង់ការផ្សាយចេញពីសារ​ព័ត៌​មានរុស្ស៊ី Sputnik នៅព្រឹកថ្ងៃព្រហស្បតិ៍ ទី១៧​ ខែមករា ឆ្នាំ២០១៩។

បើតាមសេចក្តីថ្លែងការណ៍របស់ទ័ពជើងទឹកអាមេរិក នាវាចម្បាំង USS McCampbell និង នាវាចម្បាំងអង់គ្លេស HMS Argyll បាន​ធ្វើសមយុទ្ធយោធា នៅលើតំបន់ផ្លូវទឹកយុទ្ធសាស្រ្តនេះរយៈពេល០៦ថ្ងៃ គឺតាំងថ្ងៃសុក្រសប្តាហ៍មុនរហូតមកដល់ថ្ងៃ​ពុធ​​សប្តាហ៍នេះ។​ ម៉្យាងវិញទៀត វាគឺជាសមយុទ្ធយោធាទ្វេភាគីលើកដំបូងរវាងប្រទេសទាំងពីរនៅសមុទ្រចិនខាងត្បូង គិតចាប់​តាំងពី​ចិនបានសាងសង់មូលដ្ឋានយោធានៅទីនោះ។ កាលពីចុង​ខែធ្នូកន្លងទៅ ក៏មានការធ្វើសមយុទ្ធយោធាត្រីភាគីរវាង​ទ័ពជើងទឹកអាមេរិក អង់គ្លេស និងជប៉ុន​​ផងដែរ​​។

គួរជម្រាបថា ចិននិងប្រទេសមួយចំនួនទៀតរួមមានដូចជា ព្រុយណេ ឥណ្ឌូណេស៊ី ហ្វីលីពីន ម៉ាឡេស៊ី វៀតណាម និង​កោះតៃវ៉ាន់ សុទ្ធតែបានទាមទារចំណែករៀងៗខ្លួន​នៅតំបន់សមុទ្រចិនខាងត្បូង៕