(ព្រុចសែល)៖ នាយករដ្ឋមន្រ្តីអេស៉្បាញលោក Pedro Sanchez នាថ្ងៃពុធនេះបានបង្ហាញការគាំទ្រចំពោះគំនិតនៃការចង់​បង្កើត​​​កម្លាំងយោធាផ្ទាល់ខ្លួនរបស់អឺរ៉ុប ដើម្បីធានាសន្តិសុខនិងអធិបតេយ្យភាព​​អឺរ៉ុប។ នេះបើតាមការដកស្រង់ការផ្សាយចេញ​ពី​សារ​ព័ត៌មានរុស្ស៊ី Sputnik នៅយប់ថ្ងៃពុធ ទី១៦ ខែមករា ឆ្នាំ២០១៩។

ថ្លែងក្នុងអំឡុងកិច្ចប្រជុំសភាអឺរ៉ុបនៅឯទីក្រុង Strasbourg ប្រទេសបារាំង លោក Sanchez បាននិយាយដូច្នេះថា «ដើម្បីធានា​ឲ្យបាននូវសុខសុវត្ថិភាព​នៃប្រជាពលរដ្ឋយើង និងដើម្បីពង្រឹង​តួនាទីរបស់យើងនៅលើពិភពលោក ពួកយើងត្រូវតែបង្ហាញពី​ការតាំងចិត្តឲ្យមុតមាំហើយបង្កើតយោធាអឺរ៉ុបពិតប្រាកដមួយ»។

គួរជម្រាបថា កាលពីខែវិច្ឆិកា ឆ្នាំ២០១៨ ប្រធានាធិបតីបារាំង លោក Emmanuel Macron បានលើកឡើងថា សហភាពអឺរ៉ុប​គួរ​តែមានកងទ័ពផ្ទាល់ខ្លួនពិតប្រាកដមួយ ដែលមិនអាស្រ័យទៅលើសហរដ្ឋអាមេរិក និងអាចការពារ​ខ្លួនឯងបាន។ អធិការបតី​អាល្លឺម៉ង់ លោកស្រី Angela Merkel បានគាំទ្រគំនិតនេះ ប៉ុន្តែប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ បានរិះគន់ធ្ងន់ៗ​ទៅ​វិញ។

ជាមួយគ្នានេះ ប្រធានផ្នែកគោលនយោបាយ​ការបរទេសរបស់សហភាពអឺរ៉ុប លោកស្រី Federica Mogherini ក៏បានបដិសេធ​​ផង​ដែរថា សហភាពអឺរ៉ុបពុំមានបំណងបង្កើតកម្លាំងទ័ពផ្ទាល់ខ្លួនឡើយ ខណៈ​ប្រមុខអង្គការ NATO លោក Jens Stoltenberg បាន​ព្រមានថា កិច្ចប្រឹងប្រែងរបស់សហភាពអឺរ៉ុប​មិនគួរប្រជែងគ្នា​ជាមួយ​ NATO ដែលលោកចាត់ទុកថាជាសសរគ្រឹះនៃ​សន្តិ​សុខ​របស់អឺរ៉ុបនោះឡើយ៕​