(វ៉ាស៊ីនតោន)៖ លោកឧត្តមនាវីឯក Richard Brown មេបញ្ជាការកង Naval Surface Forces របស់សហរដ្ឋអាមេរិក​ បាន​ស្នើ​ឡើង​យ៉ាងទទូចថា កងទ័ពជើងទឹកអាមេរិកត្រូវតែបំពាក់បំប៉នសមត្ថភាពឲ្យរឹងមាំថែមទៀត ដើម្បីអាចប្រយុទ្ធតតាំង​ជាមួយចិន​ក៏ដូចជារុស្ស៊ី សម្រាប់ការគ្រប់គ្រងកាន់កាប់លើដែនមហាសាគរ។ នេះបើតាមការដកស្រង់ការផ្សាយចេញពីសារព័ត៌មានរុស្ស៊ី Sputnik នៅយប់ថ្ងៃពុធ ទី១៦ ខែមករា ឆ្នាំ២០១៩។

ថ្លែងក្នុងសន្និសីទមួយរបស់កងទ័ពជើងទឹកអាមេរិក ដែលប្រព្រឹត្តទៅនៅរដ្ឋ Virginia នាថ្ងៃពុធនេះ លោក Brown បាននិយាយ​យ៉ាងដូច្នេះ​ថា «ពួកយើងត្រូវការចាំបាច់នូវនាវាប្រភេទគ្មានមនុស្សបញ្ជាផ្ទាល់ខ្នាតមធ្យមនិងធំ រួមជាមួយ​និងនាវាចម្បាំង​ខ្នាត​ធំដែល​​មាន​សមត្ថភាពខ្ពស់ថ្មីៗបន្ថែមទៀត»។

មេទ័ពអាមេរិករូបនេះ បានហៅចិននិងរុស្ស៊ីថាប្រទេសដែលកំពុងមានឥទ្ធិពលខ្លាំងឡើង និងកំពុងតែបង្កជាបញ្ហាដល់​អាមេរិក​នៅតំបន់អាស៊ីបូព៌ា នៅភាគខាងកើតសមុទ្រមេឌីទែរ៉ាណេ និងនៅភាគខាងជើង​មហាសមុទ្រអាត្លង់ទិក។ លោក Brown បាន​សង្កត់ធ្ងន់ថា កងទ័ពជើងទឹកអាមេរិកគួរតែត្រៀមខ្លួនសម្រាប់ការប្រកួតប្រជែងដ៏ធំនៃឥទ្ធិពលយោធានៅលើផ្ទៃសមុទ្រ និង​ព្រមាន​ថា​​សហរដ្ឋអាមេរិក​ត្រូវតែខិតខំប្រឹងប្រែង​ឲ្យខ្លាំងជាងមុនក្នុងការរក្សាការគ្រប់គ្រង​ដែនសមុទ្រ និងបន្តអភិវឌ្ឍន៍​សមត្ថ​ភាព​ឲ្យ​​កាន់តែប្រសើរ​​ថែមទៀត៕